ប្រសិនបើការឈ្លានពានមិនបញ្ឈប់៖ អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល អំពីកំណើនភាពតានតឹងនៃសង្រ្គាមក្នុងតំបន់
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល ពីកំណើនភាពតានតឹងនៃសង្គ្រាម ប្រសិនបើខ្លួនបរាជ័យក្នុងការបញ្ចប់ការឈ្លានពានប្រឆាំងនឹងប៉ាឡេស្ទីន ដោយរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ គឺលោក Hossein Amirabdollahian បាននិយាយថា ភាគីផ្សេងទៀតនៅក្នុងតំបន់បានត្រៀមខ្លួន រួចជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល យោងទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា កន្លងមក ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹង «”កម្ទេចក្រុមហាម៉ាស ចោល» ខណៈដែលយោធារបស់លោក បានត្រៀមខ្លួនដើម្បីចល័តចូលទៅក្នុងតំបន់ហ្គហ្សា ស្រ្ទីប ក្នុងការស្វែងរកក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលការវាយលុកដ៏សាហាវ តាមរយៈទីក្រុង ព្រំដែន អ៊ីស្រាអែលរបស់ពួកគេ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក Ayatollah Ali Khamenei មេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ មិនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើអ៊ីស្រាអែលនោះទេ ប៉ុន្តែបានសាទរចំពោះអ្វីដែលលោកហៅថា ការបរាជ័យផ្នែកយោធា និងស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល «ដែលមិនអាចជួសជុលបាន»។
អ៊ីស្រាអែល បានចោទប្រកាន់មេដឹកនាំរបស់អ៊ីរ៉ង់ ជាយូរមកហើយថា បានបង្កអំពើហិង្សាដោយការផ្គត់ផ្គង់អាវុធដល់ក្រុមហាម៉ាស។ ទីក្រុងតេអេរ៉ង់ និយាយថា ខ្លួនផ្តល់ការគាំទ្រផ្នែកសីលធម៌ និងហិរញ្ញវត្ថុដល់ក្រុមដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប ហើយលោក Amiabdollahian ដែលកាលពីសប្តាហ៍មុនបានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ក «អំពើប្រល័យពូជសាសន៍» ដោយការអនុវត្តការឡោមព័ទ្ធប្រឆាំងនឹងតំបន់ហ្គាហ្សា ស្ទ្រីប បាននិយាយថា ការវាយប្រហារលើហ្គាហ្សានឹង «បើករណសិរ្សថ្មីនៃការតស៊ូ» នៅមជ្ឈិមបូព៌ាផងដែរ៕