ទោះបីបារម្ភពីការសងសឹកសេដ្ឋកិច្ចរបស់ចិន តែកូរ៉េខាងត្បូង ដាក់គោលដៅលើក្រុមហ៊ុនសាងសង់នាវាមុជទឹករបស់កោះតៃវ៉ាន់
កូរ៉េខាងត្បូង៖ ការលើកឡើងពីហានិភ័យនៃការសងសឹកសេដ្ឋកិច្ចរបស់ចិន ពីក្រុមអាជ្ញាធរកូរ៉េខាងត្បូង នៅពេលដែលពួកគេបានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាសមុទ្រ SI Innotec កាលពីឆ្នាំមុន ពីបទបំពានច្បាប់ពាណិជ្ជកម្ម សម្រាប់ការងាររបស់ខ្លួន លើកម្មវិធីនាវាមុជទឹកយោធាថ្មីរបស់កោះតៃវ៉ាន់ នេះបើយោងតាមឯកសាររបស់នគរបាលបានឃើញដោយសារព័ត៌មាន រ៉យទ័រ និងមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ។
នៅក្នុងលិខិតបញ្ជាក់មួយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទៅកាន់ចៅក្រម ដែលព្យាយាមចេញដីការចាប់ខ្លួន លោក ផាក ម៉ាលស៊ីក (Park Mal-sik) នាយកប្រតិបត្តិក្រុមហ៊ុន SI Innotec នគរបាលបាននិយាយថា ក្រុមអាជ្ញាធរមានការភ័យខ្លាចម្តងទៀតនៃទណ្ឌកម្មដ៏ធំទូលាយ ដែលដាក់ដោយទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៦ បន្ទាប់ពីទីក្រុងសេអ៊ូល បានសម្រេចចិត្តដំឡើងកម្មវិធី THAAD ដែលជាប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ហើយចិនបានយល់ព្រមដកវិធានការទាំងនោះចេញ កាលពីចុងឆ្នាំ២០១៧។
លិខិតបញ្ជាក់នោះបាននិយាយថា និយតករនៃរដ្ឋបាលគ្រប់គ្រងកម្មវិធីការពារជាតិ (DAPA) បានប្រាប់ក្រុមហ៊ុនម៉ៅការបន្ត ដែលមិនស្គាល់អត្តសញ្ញាណថា រដ្ឋាភិបាលមាន «ការព្រួយបារម្ភអំពីការនាំចេញ» ទាក់ទងនឹងកោះតៃវ៉ាន់ ហើយ «ប្រកាន់ជំហរប្រុងប្រយ័ត្នបំផុត» លើការអនុម័តបែបនេះ។
នគរបាលបានលើកឡើង ពីប្រតិកម្មដ៏ខឹងសម្បាររបស់ប្រទេសចិន នៅក្នុងរបាយការណ៍របស់សារព័ត៌មាន រ៉យទ័រ ឆ្នាំ២០២១ អំពីក្រុមហ៊ុនម៉ៅការគ្រឿងយុទ្ធោបករណ៍ការពារជាតិ ព្រមទាំងក្រុមអ្នកជំនាញមកពីកូរ៉េខាងត្បូង និងប្រទេសចំនួនប្រាំមួយផ្សេងទៀត ដែលកំពុងធ្វើការលើកម្មវិធីនាវាមុជទឹករបស់តៃវ៉ាន់ យោងនៅក្នុងលិខិតបញ្ជាក់ត្រាបិទនោះបានឲ្យដឹង ។ ក្រុមហ៊ុនបច្ចេកវិទ្យា SI Innotec ដែលត្រូវបានពិន័យ កាលពីខែសីហា ឆ្នាំ២០២២ និងលោក ផាក ដែលបានទទួលការផ្អាកការកាត់ទោសជាប់ពន្ធនាគារ បានបដិសេធថាមិនបានប្រព្រឹត្តខុសនោះទេ ព្រមទាំងបានបន្តប្តឹងឧទ្ធរណ៍ផងដែរ ៕