បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ប្រជាជនបន្តស្វែងរកអ្នកនៅរស់ និងអ្នករបួស

បរទេស៖ ក្រោយពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា កន្លងទៅ អ្នកស្រុក និងក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្រោយគំនរបាក់បែកនៃអាគារ និងផ្ទះសម្បែង ។

អ្នករងរបួសត្រូវបានគេលើកដាក់លើរទេះរុញ ខណៈដែលហ្វូងមនុស្សឈរនៅសងខាង ដោយមានផ្សែងពណ៌ប្រផេះនៅតែហុយចេញពីអគារនានា ក្រោយការវាយប្រហារ ។ គ្រូពេទ្យម្នាក់បាននិយាយថា មន្ទីរពេទ្យក្បែរនោះបានទទួលអ្នករងរបួសរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

អ៊ីស្រាអែល បាននឹងកំពុងវាយលុកតំបន់នេះ ដោយការទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រៃផ្សៃ ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុនទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែល ប្រហែល ១.៣០០នាក់បានស្លាប់ ។

មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់ ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់បានរងរបួស ហើយមនុស្សជាងមួយលាននាក់ ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនចាកចេញពីលំនៅឋានរបស់ពួកគេ នេះបើក្រុមអាជ្ញាធរតំបន់ហ្គាហ្សា បានលើកឡើង ៕