ប្រធានាធិបតីក្រូអាតថា លោកបាត់បង់ការអាណិតអាសូលើ អ៊ីស្រាអែល
ក្រូអាត៖ លោក Zoran Milanovic ប្រធានាធិបតីប្រទេស ក្រូអាត បាននិយាយកាលពីថ្ងៃសុក្រ ការដែលក្រសួងការបរទេសក្រូអាតដាក់ទង់ជាតិអ៊ីស្រាអែល គឺជារឿង “ឆ្កួត” និងមិនសមរម្យ ដោយលោកបន្ថែមថា អំពើឃោរឃៅដោយក្រុមហាម៉ាសមិនផ្តល់ឱ្យអ៊ីស្រាអែល នូវសិទ្ធិក្នុងការទម្លាក់គ្រាប់បែកលើជនស៊ីវិល សម្រាប់ការសងសឹកនោះទេ ។
លោក Milanovic បានប្រាប់អ្នកយកព័ត៌មាន ដែលបានសួរគាត់អំពីឧបទ្ទវហេតុដាក់ទង់ជាតិអ៊ីស្រាអែលថា “ខ្ញុំគិតថាវាជាទង្វើដ៏ឆ្កួតលីលា សម្រាប់ការអាណិតអាសូររបស់ខ្ញុំចំពោះអ៊ីស្រាអែល ដែលពួកគេបានខ្ជះខ្ជាយជាអកុសលបន្ទាប់ពី ១៥ នាទី បន្ទាប់ពីភាពភ័យរន្ធត់ និងការសម្លាប់រង្គាលដោយក្រុមហាម៉ាស” នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។
លោកបានបន្ថែមថា “ខ្ញុំបានថ្កោលទោសការសម្លាប់នេះដោយក្រុមហាម៉ាស ហើយបានសម្តែងការភ័យរន្ធត់ និងការប្រមាថរបស់ខ្ញុំ ប៉ុន្តែសិទ្ធិការពារខ្លួនមិនរាប់បញ្ចូលការសងសឹក និងការសម្លាប់ជនស៊ីវិលនោះទេ”។
ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើមូលដ្ឋាន និងការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយពីទីក្រុងហ្សេរុយសាឡឹមខាងលិច ។
អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមប៉ាឡេស្ទីន ហើយបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាដោយផ្លោងគ្រាប់កាំភ្លើងធំ និងទម្លាក់ពីយន្តហោះ ដោយប្តេជ្ញាថានឹង “កម្ទេច” មេដឹកនាំក្រុមហាម៉ាស។
ចំណែកភាគីម្ខាងទៀត បើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន គឺយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១.៩០០ នាក់ រួមទាំងកុមារ ៦១៤នាក់ និងស្ត្រី ៣៧០ នាក់ត្រូវបានសម្លាប់ មនុស្ស ៧.៦៩៦ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហ្គាហ្សាកាលពីសប្តាហ៍មុន ៕