មេដឹកនាំក្រុមហាម៉ាស់អះអាងថា ជនប៉ាឡេស្ទីននឹងមិនចាកចេញពីតំបន់ហ្គាហ្សានោះទេ
ប៉ាឡេស្ទីន៖ លោក Ismail Haniyeh មេដឹកនាំក្រុមអ៊ីស្លាមហាម៉ាស់របស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងវីដេអូដែលបានបញ្ចេញកាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីន នឹងមិនចាកចេញពីតំបន់ហ្គាហ្សា ឬវ៉េសប៊ែង ទៅកាន់ប្រទេសអេហ្ស៊ីបនោះទេ ។
លោក Haniyeh បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ចេញពីទីតាំងពុំស្គាល់មួយកន្លែង តាមរយៈសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ ។ ក្រុមសកម្មជនហាម៉ាស់ បានសម្រុចចេញពីតំបន់ហ្គាហ្សាស្រ្ទីប កាលពីរយៈពេល ១សប្តាហ៍មុន និងបានបើកការវាយប្រហារសម្លាប់មនុស្សលើជនស៊ីវិល និងទាហានអ៊ីស្រាអែល ជាហេតុធ្វើឲ្យកើតមានការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរបំផុតនៅតំបន់ហ្គាហ្សា ។
កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បាននិយាយប្រាប់ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងហ្គាហ្សា ដែលមានមនុស្សប្រហែលជាង ១លាននាក់ ឲ្យចាកចេញ ពេលដែលពួកគេគំរាមបើកការវាយប្រហារតាមជើងគោក ចូលទៅក្នុងតំបន់បិទច្រកមួយនេះ ។
អេហ្ស៊ីប មានព្រំដែនរួមគ្នាជាមួយតំបន់ហ្គាហ្សា ហើយតំបន់មួយនេះ ត្រូវបានគេប្រកាសអាសន្នពីលទ្ធភាពដែលពលរដ្ឋរបស់ពួកគេ អាចនឹងត្រូវជម្លៀសខ្លួន ដោយសារការឡោមព័ទ្ធរបស់អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកលើដែនដីមួយនេះ ។
ដូចគ្នានឹងរដ្ឋអារ៉ាប់ផ្សេងទៀតដែរ អេហ្ស៊ីប បាននិយាយថា ជនប៉ាឡេស្ទីន គួរតែបន្តនៅក្នុងទឹកដីរបស់ពួកគេ ស្របពេលដែលសង្រ្គាមកាន់តែតានតឹងខ្លាំង ហើយពួកគេនឹងធ្វើការជាមួយ ដើម្បីចែកចាយជំនួយទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប ៕