សូមរំលឹក! ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣នេះ គឺជាគំរប់ខួប១១ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បន្ទាប់ពីព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទឆ្នាំរោង ចត្វាស័ក វេលាម៉ោង១និង២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។

ជាការចូលរួមចំណែករំលឹកអំពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ សារព័ត៌មានត្រយងសូមលើកយកជីវប្រវត្តិសង្ខេបនិងស្នាព្រះសហស្ថចម្បងរបស់ព្រះអង្គដែលត្រូវបានចេញផ្សាយដោយព្រះបរមរាជវាំងនាពេលកន្លងមកផ្សាយជូនដូចតទៅ៖

ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

-ចាប់ពីឆ្នាំ១៩៣០ដល់១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRANCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារំាង សាសលូឡូបា (CHASSELOUP LAUBAT) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ លុះដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសតាំង និងថ្វាយព្រះរាជឋានៈជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរាជធានីភ្នំពេញ។ ឆ្នាំ១៩៤៦ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាងតាមការ អញ្ជើញរបស់ប្រធានាធិបតី FELIX GOUIN និងឧត្តមសេនីយ៍ សាលដឺហ្គោល (CHARLES de GAULE) នៅCOLOMBEY។ នៅឆ្នាំ១៩៤៦ដល់១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ(SAUMURE)ប្រទេសបារំាង។

-ក្នុងឆ្នាំ ១៩៤៧ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកកម្ពុជាវិញដាច់ខាតនូវខេត្តខ្មែរដែលក្នុងពេលមានចម្បាំងសកល លោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅគឺ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារំាងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាលដែលបាន ចុះព្រះហស្ដលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែលព្រះអង្គបានឡាយព្រះហស្តលេខាលើសន្ធិសញ្ញា ឯករាជ្យដែលប្រទេសបារំាងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។ សន្និសញ្ញាឆ្នាំ១៩៤៩នេះលុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ដល់១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០%ជូនជាតិមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គព្រះរាជា ណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារំាង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសសូមថ្វាយព្រះកិត្តិនាមព្រះអង្គ ជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។ ឆ្នាំ១៩៥៤ព្រះអង្គបានបញ្ជូនគណៈប្រតិភូជាតំណាងរបស់ព្រះអង្គទៅ ចូលរួមសន្និសីទអន្តរជាតិស្តីពីបញ្ហាឥណ្ឌូចិននៅទីក្រុងហ្សឺណែវ (GENEVE)ដែលមានប្រទេសកម្ពុជាចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។

-នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិតជាព្រះរាជបិតា។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ព្រះអង្គបានប្រទានចំពោះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នូវព្រះគោរមងារជា «សម្តេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជា»។ ថ្ងៃទី២៣ ខែមីនាឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានបង្កើតចលនាសង្គមរាស្ត្រនិយមដែលមានគណបក្សជាច្រើន ចូលរួមក្នុងចលនានេះ។

-ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអា្រហ្វិក-អាស៊ីលើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេសឥណ្ឌូនេស៊ី) ហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹតក្នុងឯករាជ្យ ទាំងស្រុង និងសន្តិសហវិជ្ជមាននៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេស ទាំងអស់ដោយមិនគិតពីមនោគមវិជ្ជាឡើយ។ ព្រះអង្គបានជួបជាលើកដំបូងជាមួយនឹងលោក ហ្សាវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រីឥណ្ឌា, លោក ហ្គាម៉ាល់ អាប់ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

-ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិដោយទទួល បានការគាំទ្រពីប្រជារាស្ត្រខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រី ហើយក្នុងព្រះរាជឋានៈជាប្រមុខនៃប្រជារាស្ត្រខ្មែរ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដឹកនាំដើម្បីអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទូទៅនៅក្នុងគ្រប់វិស័យនៃការកសាងជាតិ របស់ព្រះអង្គ ជាពិសេសការលើកស្ទួយនារីឲ្យមានសិទ្ធិស្មើភាពនឹងបុរសក្នុង ការងារ។

-ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ។

-នៅឆ្នាំ១៩៥៦ នៅប្រ៊ីយ៉ូនី (BRIONI)នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនាមិនចូលបក្សសម្ព័ន្ធដោយបានឡាយព្រះហស្ដលេខាលើធម្មនុញ្ញនៃ ចលនាមិនចូលបក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់៤រូបទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានាធិបតីយូហ្គោស្លាវី, លោក ហ្សាវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រីឥណ្ឌា, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក ហ្គាម៉ាល់ អាប់ដែលណាស៊្សែរ (GAMAL ABDEL NASSER)ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។

-នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជឋានៈជានាយករដ្ឋមន្ត្រី ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនមានឯកឧត្តមលោកប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជាដើម។ ព្រះអង្គបានឡាយព្រះហស្ដលេខាលើសេចក្តីប្រកាសរួមស្តីពីមិត្តភាព កម្ពុជា-ចិន។

-នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិតទ្រង់សោយទិវង្គត ពេលនោះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គ ជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាកសាងជាតិមាតុភូមិយ៉ាង សកម្មជាទីបំផុត។

-ខែកញ្ញា ឆ្នាំ១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតនៅអាស៊ីអាគ្នេយ៍ជាតំបន់ អព្យាក្រឹតរវាងប្លុកមហាអំណាចទាំងពីរ។

-នៅខែឧសភា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សន្និសីទអន្តរជាតិមួយត្រូវបានបង្កើតឡើងនៅទីក្រុងហ្សឺណែវ (GENEVE)ដើម្បីដោះស្រាយទំនាស់រវាងភាគី៣នៅប្រទេសឡាវ។

-ចាប់ពី ខែឧសភា ឆ្នាំ ១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយការទូតដើម្បីទាមទារ ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរមកវិញពី ប្រទេសថៃដោយតុលាការក្រុងឡាអេ (LA HAYE)បានសម្រេចប្រគល់មកព្រះរាជាណាចក្រកម្ពុជាវិញនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

-នៅខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលលើកទី១នៃចលនាមិនចូល បក្សសម្ព័ន្ធនៅបែលក្រាដ (BEGRADE)នៃប្រទេសយូហ្គោស្លាវីដែលមាន២៩ប្រទេសចូលរួម។ នៅទីនោះព្រះអង្គបានថ្កោលទោសចំពោះអំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។

-នៅខែមិថុនា ឆ្នាំ១៩៦៤ ឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារំាងបានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិក ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុនៅទីក្រុងប៉ារីស។ លោកប្រធានាធិបតីបានទទួលដោយស្មោះសរនូវសំណើរបស់ភាគីកម្ពុជាស្តីពី ការទទួលស្គាល់អព្យាក្រឹតនៃព្រះរាជាណាចក្រកម្ពុជា។

-នៅចុងខែ សីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជាឧឡារិកលោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE)ប្រធានាធិបតីនៃសាធារណរដ្ឋបារំាងដែលបានមកបំពេញទស្សនកិច្ច ជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថាដែលថ្លែងនៅពហុកីឡដ្ឋានជាតិអូឡាំពិកភ្នំពេញ លោកប្រធានាធិបតីបានគាំទ្រព្រះរាជាណាចក្រកម្ពុជាដែលបានការពារ ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹត សន្តិភាពនៃខ្លួន។

-ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសព្រះ រាជពិធីបើក និងបិទការប្រកួតកីឡា GANEFO អាស៊ីលើកទី១។

-ក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយមដែលប្រជារាស្ត្រខ្មែរបានថ្វាយព្រះនាម ព្រះអង្គថាជា ព្រះបិតាឯករាជជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្ត្រ ប្រើប្រាស់នៅតាមបណ្តាខេត្ត-ក្រុងនានាជាពិសេសមានសមិទ្ធផលធំៗ ដូចជា វិមានឯករាជ្យ វិមានរដ្ឋចំការមន ចំណតអាកាសយានដ្ឋានអន្ដរជាតិពោធិ៍ចិនតុង ចំណតអាកាសយានដ្ឋានសៀមរាប ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ សណ្ឋាគារ «ឯករាជ្យ»ក្រុងព្រះសីហនុ សាលមហោស្រពជាតិ «ព្រះសុរាម្រិត» ភ្នំពេញ សាលសន្និសីទ «ចតុមុខ» ពហុកីឡដ្ឋានជាតិអូឡាំពិកភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពាន«សង្គមរាស្រ្ដនិយម»ឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យ «សង្គមរាស្ដ្រនិយម»ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈនិងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ត្រ សាកលវិទ្យាភូមិន្ទកំពង់ចាម សាកលវិទ្យាល័យភូមិន្ទបាត់ដំបង សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រ«ព្រះនរោត្តម»ដំឡើងត្រាក់ទ័រ និងរថយន្តធំក្រុងព្រះសីហនុ រោងចក្រស្ករសកំពង់ត្រាំខេត្តកំពង់ស្ពឺ រោងចក្រវាយនភ័ណ្ឌខេត្តកំពង់ចាម រោងចក្រវាយនភ័ណ្ឌខេត្តបាត់ដំបង រោងចក្របាវក្រចៅដូនទាវខេត្តបាត់ដំបង រោងចក្រស៊ីម៉ងត៍ចក្រីទីងខេត្តកំពត រោងចក្រកែវជើងឯករាជធានីភ្នំពេញ រោងចក្រក្ដារបន្ទះដីឥដ្ឋខេត្តកណ្ដាល រោងចក្រក្រដាសឆ្លូងខេត្តក្រចេះ រោងចក្រជីហ្វូសស្វាតទូកមាសខេត្តកំពត រោងចក្រកង់ឡានតាខ្មៅខេត្តកណ្ដាល រោងចក្រត្រីខប្រអប់កោះកុង រោងចក្រផលិតជ័រកៅស៊ូជប់ខេត្តកំពង់ចាម រោងចក្រវារីអគ្គិសនីគិរីរម្យខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀត នៅតាមបណ្ដាស្រុក-ខេត្ត-ក្រុង ដូចជាសាលារៀនមន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយ ផ្លូវថ្នល់ ស្ពានជាដើម។ល។

-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជជាផ្លូវការនៅសហភាព សូវៀត ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធាដែលមានលន់ នល់ ជាមេខ្លោង។ សាធារណរដ្ឋខ្មែររបស់លន់ នល់ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ១៩៧០។

-នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា «រណសិរ្សរួបរួមជាតិកម្ពុជា» (FUNC) ព្រមជាមួយនោះ ក៏មានបង្កើតនូវរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (GRUNK)។

-នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង (សាធារណរដ្ឋប្រជាមានិតចិន) ព្រះអង្គជាអ្នកផ្ដួចផ្ដើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះមានការចូលរួមដោយអ្នកដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រីផាំ វ៉ាន់ដុង (PHAM VANDONG) ពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូងដឹកនាំដោយលោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និងពី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធានសុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណ រដ្ឋប្រជាធិបតេយ្យវៀតណាមរណសិរ្សរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត បានប្រកាសជាឱឡារិកថាប្រទេសរបស់ខ្លួនទទួលស្គាល់និងគោរពជាដរាប បូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។

-ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិ នៃរណសិរ្សរួបរួមជាតិកម្ពុជា (FUNC) ដណើ្ដមបានជ័យជម្នះទាំងស្រុងនៅកម្ពុជា។ «កម្ពុជាប្រជាធិបតេយ្យ» ត្រូវបានបង្កើតឡើងដែលមានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្ដែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គ បានសព្វព្រះរាជហឫទ័យ លាលែងមុខងារជាព្រះប្រធាននៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហមឃុំឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទាំងធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។

-ពីឆ្នាំ១៩៨២ ដល់១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គជាប្រធាននៃចលនាតស៊ូជាតិកម្ពុជា (CNR)។

-ចាប់តាំងពីឆ្នាំ១៩៨៧ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានខិតខំអស់ពីកម្លាំងកាយពលដើម្បីបង្រួបបង្រួមភាគី ជម្លោះកម្ពុជាទាំងអស់រិះរកនូវដំណោះស្រាយនយោបាយសមស្របបញ្ចប់ ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់ នៅប្រទេសបារំាងនៅថ្ងៃ ខែឆ្នាំដូចខាងក្រាម៖

-ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបលើកទី១នៅ Fére-ren Tardenois។

-ពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបលើកទី២នៅ Saint Germain-en-Laye។

-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទទួលពីមេដឹកនាំនៃកម្ពុជាទាំង៤ភាគីដើម្បីប្រកាសជាឧឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្ដោះអាសន្ននូវការបាញ់គ្នានៅក្នុង ប្រទេសកម្ពុជាទាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា «អាវុធ…»ពីបណ្តាប្រទេសដទៃដល់កងទ័ពកម្ពុជាទាំង៤។ ទីក្រុងភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ កម្ពុជា(SNC)ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្តម សីហនុជាទីស្នាក់ការផ្លូវការអចិន្រៃ្តយ៍ និងលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC)។

-នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា(CNR)ដើម្បីដាក់ព្រះកាយព្រះអង្គនៅពីលើ ភាគី និងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបានសមាជិកទាំង១១រូបនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ កម្ពុជា(CNC)ជ្រើសតាំងជាឯកច្ឆន្ទជាប្រធាន «អព្យាក្រឹត»នៃក្រុមប្រឹក្សានេះ។

-ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្ដលេខា «លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា» ជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា១១រូបទៀតជាមួយតំណាងរដ្ឋាភិបាល១៨ប្រទេស និងជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

-នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ យាងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ ក្រោយពីមាតុភូមិនិវត្តន៍របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជាដែល មានឯកឧត្តម ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៊ិចដែលមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិជាប្រធាន គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាដែលមានសម្តេចបវរ សេដ្ឋា សឺន សាន ជាប្រធាន និងភាគីកម្ពុជាប្រជាធិបតេយ្យដែលមានលោកខៀវ សំផនជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជាលាយលក្ខណ៍អក្សរថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុនៅតែជាព្រះប្រមុខរដ្ឋពេញលក្ខណៈច្បាប់នៃប្រទេសកម្ពុជាទាំងមូល។ ម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ជាផ្លូវការនៅតែរក្សាទុកតួនាទីជាព្រះប្រមុខរដ្ឋរហូតដល់មាន ការបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣។

-នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានទ្បាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវ ការនូវរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជណាចក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។

-នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទញមហាជនមួយ ក៏ត្រូវបានរៀបចំទ្បើងដោយមានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្ដែងមនោសញ្ចេតនាអបអរសាទរគាំទ្រ សា្វគមន៍ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះអង្គជា “ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ។

-ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្ដមជាទីបំផុត ក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ តាំងពីដើមរហូតមក។ ព្រះអង្គបានធ្វើឲ្យចេញជារូបរាងរដ្ឋាភិបាលចម្រុះដែលមានសហនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣ ហើយជាពិសេស ព្រះអង្គបានបំពេញព្រះរាជកិច្ចធ្វើឲ្យថ្នាក់ដឹកនាំនៃគណបក្សប្រជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៊ិចចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីគោលការណ៍ប្រតិបត្តិការដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលក្រោមព្រះរាជា ធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅមហាប្រាសាទ ខេមរិន្ទ ព្រះបរមរាជវាំងនាថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

-ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាសូមថ្វាយអំណរគុណដ៏ជ្រាល ជ្រៅបំផុតចំពោះព្រះរាជកិច្ច ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តុមរបស់អង្គសម្តេចឪនៃយើង។

-ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាទីសក្ការជាព្រះមហាវីរក្សត្រមួយព្រះអង្គដែលតែងតែប្រកាន់ ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាំងពីដើមរៀងរហូតដល់បច្ទុប្បន្ន ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ចដូចជាកសាងព្រះ វិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះទឹកសម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជានុរាស្ត្រ។ ព្រះអង្គបានប្រោសព្រះរាជទាន និងបន្តនូវព្រះរាជសកម្មភាពទាំងនេះ (រៀងរាល់សប្តាហ៍) ដោយព្រះប្រទាននូវអំណោយដល់ប្រជានុរាស្ត្រទីទ័លក្រ និងជីវភាពខ្វះខាតខ្លាំង។

-ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឲ្យឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះករុណាជា អម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការដែលព្រះអង្គបាន និងកំពុងប្រោសប្រទានព្រះរាជទ្រព្យដល់ប្រជារាស្ត្រដោយមិនប្រកាន់ ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរ ឡើយ។ ដោយសារសច្ចភាពនេះហើយទើបប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសបានគាំទ្រ ដោយឥតសំចៃថ្វាយព្រះអង្គចំពោះការយាងគ្រងរាជ្យសម្បត្តិសាជាថ្មី នៅឆ្នាំ១៩៩៣ ហើយដែលការវិលមកគ្រងរាជ្យជាថ្មីដូចព្រះអង្គបែបនេះ គឺពុំធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនាពេលកន្លងមកនេះ។

១១ឆ្នាំ ក្រោយការឡើងគ្រងរាជ្យលើកទី២ សម្ដេចព្រះនរោត្តមសីហនុ ក៏បានប្រកាសដាក់រាជ្យនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយចាប់ពីពេលនោះមកព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅទីក្រុង ប៉េកាំងប្រទេសចិនដើម្បីព្យាបាលព្រះរាជសុខភាពដែលជាហេតុធ្វើឲ្យ ព្រះអង្គ បាត់ព្រះភក្ត្រ ឃ្លាតព្រះកាយពីកូនចៅ ចៅទួតរបស់ព្រះអង្គ។ ក៏ប៉ុន្ដែបើទោះបីជាយ៉ាងនេះក្ដី សម្រាប់ប្រជារាស្ដ្រខ្មែរទាំងអស់ គ្រប់គណបក្ស និងនិន្នាការនយោបាយតែងតែចាត់ទុកព្រះអង្គ នៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងជាព្រះបិតាឯករាជ្យជាតិខ្មែរជាប់ជានិច្ច៕