កាំបិត ដែកទីបដេញវាយកាប់គ្នា ដូចរឿងហុងកុង រត់ចោលម៉ូតូតាមផ្លូវ

ស្វាយរៀង៖ ដូចរឿងភាគហុងកុង ក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិត ដែកទីប ជិះម៉ូតូដេញកាប់គ្នាប្រសេកប្រសាចតាមផ្លូវ ផ្អើលប្រជាពលរដ្ឋ ស្រែកឆោឡោ ធ្វើឱ្យក្រុមក្រងទំនើងទាំងនោះ រត់ចែកផ្លូវគ្នា បន្សល់ទុកនៅម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវ១០៤ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ម៉ូតូដែលក្មេងទំនើងរត់ចោល ម៉ាកស៊ុយហ្សុយគី ពណ៌ខៀវ ពាក់ស្លាកលេខ វៀតណាម ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ម៉ូតូមួយគ្រឿងខាងលើ ដូចគ្នាទៅនឹងម៉ូតូក្រុមក្មេងទំនើង ដែលកាប់វាយគ្នា នៅតាមផ្លូវជាតិលេខ១ ចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកម៉ិញ ។

ប្រភពបន្តទៀតថា នៅរសៀលថ្ងៃម្សិលមិញនេះ មិនដឹងថា ក្មេងទំនើងទាំងនោះជិះម៉ូតូមកពីណានោះទេ បង្កភាពចលាចល ប្រដាប់ដោយកាំបិត ដែកទីប ដេញវាយ កាប់គ្នា បង្កឱ្យភ័យខ្លាច ឃើញដូច្នោះ ពលរដ្ឋស្រែកឆោឡោ «ប៉ូលិសមកហើយ»ផ្អើលរត់ចែកជើងគ្នា បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ៕