កំពុងផ្ទុះការគាំទ្រលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន សម្រាប់ប៉ាឡេស្ទីន ហើយស្ដីបន្ទោសលើទីក្រុងវ៉ាស៊ីនតោន
ចិន៖ នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីល្ងាចថ្ងៃអាទិត្យ ទី៨ ខែតុលា ថ្មីៗនេះ ស្ថានកុងស៊ុលអ៊ីស្រាអែល បានផ្សព្វផ្សាយសារបង្ហោះក្នុងបណ្ដាញសង្គម ទៅកាន់អ្នកតាមដានរបស់ខ្លួន ចំនួន ២៦៤.០០០នាក់ ដោយពណ៌នាអំពីរបាយការណ៍របស់ស្ត្រីជនជាតិចិន-អ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។
សម្រាប់ការឆ្លើយតប លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន កំពុងផ្ទុះឡើងជាមួយនឹងការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានទម្លាក់កំហុស ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្ររដ្ឋជ្វីហ្វ អ៊ីស្រាអែល ដែលបាននឹងកំពុងបង្កការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន ចំពោះតំបន់ហ្គាហ្សា។
មតិយោបល់បានបញ្ចេញមិនសមរម្យ រាប់រយសារពីអ្នកប្រើប្រាស់ បានបង្ហោះពីក្រោមសាររបស់ស្ថានកុងស៊ុលអ៊ីស្រាអែល ហើយអ្នកបញ្ចេញមតិយោបល់ខ្លះ បានប្រៀបធៀបអ៊ីស្រាអែល ទៅនឹងប្រទេសជប៉ុន ដែលត្រូវបានប្រជាជនចិនមិនចូលចិត្តយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ដោយសាររបបឃោរឃៅរបស់ខ្លួន នៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយអ្នកផ្សេងទៀតបានចោទប្រកាន់អ៊ីស្រាអែល ថាជារដ្ឋណាស៊ីនិយម។
ប្រទេសចិនបានអំពាវនាវជាផ្លូវការ ឱ្យមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានបើកការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនលើប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយខណៈដែលអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារដ៏ច្របូកច្របល់ និងការឡោមព័ទ្ធតំបន់ហ្គាហ្សា ប៉ុន្តែនៅលើបណ្ដាញសង្គមវៃប៉ូ (Weibo) របស់ចិន ដែលមានអ្នកប្រើប្រាស់ជិត ៦០០លាននាក់ បាននឹងកំពុងផ្ទុះរលកនៃការប្រឆាំងសាសនា និងកំហឹងចំពោះអ៊ីស្រាអែល។
ស្របពេលមានរលកការបង្ហោះ និងការបញ្ចេញមតិរិះគន់អ៊ីស្រាអែល សារដែលបានបង្ហោះឡើងវិញជាញឹកញយ បានបង្ហាញពីហេតុផលកាន់តែស៊ីជម្រៅសម្រាប់ការបង្ហោះប្រឆាំងអ៊ីស្រាអែលមួយចំនួន ដោយបានស្ដីបន្ទោសលើសហរដ្ឋអាមេរិកផងដែរ៕