ប៉ាឡេស្ទីន ទទួលបានការគាំទ្រ ឥតងាករេពី អារ៉ាប៊ីសាអូឌីត
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល នេះយោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹង ។
នៅក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមក មានបញ្ជាក់ដូចខាងឡើង កាលដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas នេះបើប្រភពដដែល បានសរសេរទៀត ។
រាជទាយាទអង្គនេះ បាននិយាយថា កំដៅដែលបានកើនឡើងចុងក្រោយ នៅក្នុងតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាលពីចុងសប្តាហ៍ បង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល ។
យ៉ាងណាក៏ដោយព្រះអង្គម្ចាស់ bin Salman បានបន្ថែមដែរថា អារ៉ាប៊ីសាអូឌីតគ្រោងនឹង ចាត់វិធានការយ៉ាងសកម្ម និងសហការជាមួយមហាអំណាច អន្តរជាតិ និងក្នុងតំបន់ ដើម្បីការពារ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពីការរីករាលដាល ដល់ផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា។
គួរដឹងដែរថា អំឡុងពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះព្រះអង្គម្ចាស់Bin Salman ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់ ហ្គាហ្សាជាមួយមហាក្សត្រហ្សកដានី Abdullah bin Al-Hussein និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisiដោយផ្តោតជាសំខាន់ លើការរក្សាស្ថិរភាពក្នុងតំបន់ និងការពារជម្លោះ ពីការរីករាលដាលផង៕