ច្បាប់សង្គ្រាម៖ លោក បៃដិន ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាម
បរទេស៖ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានជំរុញឱ្យ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី១១ ខែតុលា ឱ្យអនុវត្តតាមច្បាប់នៃសង្គ្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះទៅលើអ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់សង្រ្គាម ក្នុងការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសឱ្យ «ប្រុងប្រយ័ត្នខ្លួន» ផងដែរ ។
លោក បៃដិន បានថ្លែងប្រាប់ នៅក្នុងការប្រមូលផ្តុំមេដឹកនាំសហគមន៍ជ្វីហ្វអាមេរិក នៅសេតវិមាន ថាការវាយប្រហារលើអ៊ីស្រាអែល ដែលមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់ គឺជា «ថ្ងៃដ៏អាក្រក់បំផុតសម្រាប់ជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាលប្រល័យពូជសាសន៍ជនជាតិជី្វហ្វ កាលពីសង្រ្គាមលោកលើកទី២ មក»។
ប៉ុន្តែត្រង់ចំណុចថា អ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារ តាមអាកាសទៅលើតំបន់ហ្គាហ្សា ដែលមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ១.០០០នាក់នោះ លោកបៃដិន បាននិយាយថា លោកបាននិយាយពីបញ្ហានេះកាលពីថ្ងៃពុធទៅកាន់លោក Netanyahu រួចហើយ។
ការលើកឡើងនេះ ជាលើកទីមួយហើយ ដែលលោកបៃដិន បានធ្វើការអំពាវនាវឲ្យមានការអត់ធ្មត់ចំពោះការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះអ្វីដែលលោកបានហៅថាជា «អំពើអាក្រក់បំផុត» នៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍នោះមក៕