អ្នកគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែបន្តការតវ៉ាទូទាំងពិភពលោក ស្របពេលជម្លោះកាន់តែតានតឹង
បរទេស៖ កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលាកន្លងមកនេះ ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។
ការប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម ដោយក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត ។ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនបាននិយាយថា «យើងចង់ឱ្យពិភពលោកដឹងថា ការកាន់កាប់របស់អ៊ីស្រាអែល ត្រូវតែបញ្ចប់។ ប៉ាឡេស្ទីនជាមនុស្ស ហើយពួកគេមានសិទ្ធិក្នុងការរស់រាន ហើយនឹងមានសិទ្ធិរស់នៅក្នុងជីវិតធម្មតាដូចមនុស្សគ្រប់រូបក្នុងពិភពលោកដែរ»។
ជាមួយគ្នានេះ ក៏មានមនុស្សរាប់រយនាក់ចេញតវ៉ានៅក្នុងប្រទេសជាច្រើន និងទីតាំងសំខាន់ៗជាច្រើន របស់រដ្ឋាភិបាល ដូចជានៅរដ្ឋធានីព្រុចស៊ែល នៃប្រទេសបែលហ្ស៊ិក សភាអឺរ៉ុបនៅទីក្រុងព្រុចស៊ែល អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេ សម្រាប់រដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល ផងដែរ។
ក្រុមបាតុករបានលើកស្លាកសញ្ញាដែលសរសេរថា «សាមគ្គីភាពជាមួយអ៊ីស្រាអែល» និងពលរដ្ឋផ្សេងទៀត ដែលរងការវាយប្រហារពីក្រុមហាម៉ាស ក៏ដូចជាពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀត បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងការសងសឹករបស់អ៊ីស្រាអែល ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសជាច្រើន សម្រាប់ភាគីទាំងសងខាង ចាប់តាំងពីការវាយប្រហារមក៕