ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ រថយន្តក្រុងចំនួន៤៥៥គ្រឿង ចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ រថយន្តចំនួន ៤៥៥គ្រឿង សាលារាជធានីភ្នំពេញ បានរៀបចំ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងដើម្បីទៅកាន់ស្រុកកំណើតដើម្បីចូលរួមក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនៅចំនុចសួនច្បាឫស្សីកែវ ដែលមានប្រជាពលរដ្ឋជាច្រើនកំពុងត្រៀមខ្លួនក្នុងការឡើងជិះរថយន្តក្រុង បានគួរបញ្ជាក់ថា ក្នុងចំណោមរថយន្តក្រុងទាំង៤៥៥គ្រឿង ក្នុងនោះសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្ត ៦០គ្រឿង។ ចំណែកសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ នឹងប្រើរថយន្តចំនួន៣៩៥គ្រឿង ដែលនឹងមានគោលដៅ និងទីតាំងខុសៗគ្នា។
សម្រាប់ផ្លូវជាតិលេខ១ ភ្នំពេញ-ខេត្តកណ្តាល-ព្រៃវែង-ភ្នំពេញ ប្រើរថយន្តចំនួន១០គ្រឿង ពីភ្នំពេញទៅបណ្តាខេត្តមានទីតាំងនៅស្ថានីយរថយន្តក្រុងវាលស្បូវ ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង ចាប់ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ មានទីតាំងចំណតនៅទីរួមខេត្តព្រៃវែង ចាប់ពីម៉ោង៦ ៣០ដល់១១:៣០ព្រឹក។

ផ្លូវជាតិលេខ១ដដែល ភ្នំពេញ-កណ្តាល-ស្វាយរៀង-ភ្នំពេញ ប្រើរថយន្តចំនួន ១០គ្រឿង ក្នុងនោះ ពីភ្នំពេញទៅបណ្តាខេត្តមានទីតាំងនៅស្ថានីយរថយន្តក្រុងវាលស្បូវផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាងចាប់ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ មានទីតាំងចំណតនៅទីរួមខេត្តស្វាយរៀងចាប់ពី៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល-តាកែវ-ភ្នំពេញ ប្រើរថយន្តចំនួន៥គ្រឿង មានទីតាំងនៅទល់មុខព្រះវិហារយេស៊ូគ្រីស្ទ បណ្តោយមហាវិថីវេងស្រេង ទល់មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ មានទីតាំងចំណតរង្វង់មូលអូរចំបក ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៣ភ្នំពេញ-កែប-ភ្នំពេញ ប្រើរថយន្តចំនួន១០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ ទីតាំងចំណតនៅសាលាបឋមសិក្សាដំណាក់ចង្អើម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត-ភ្នំពេញ រថយន្ត១០គ្រឿង មានទីតាំង ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ មានទីតាំងចំណតរថយន្តទីរួមខេត្តកំពតពី៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ-ភ្នំពេញ រថយន្ត៥គ្រឿង មានទីតាំងស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញ មានទីតាំងចំណតរថយន្តផ្សារកំពង់ស្ពឺពីម៉ោង៦កន្លះដល់១១កន្លះព្រឹក។ ផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ-ភ្នំពេញ ទីតាំងនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ពី៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីបណ្តាខេត្តមកភ្នំពេញទីតាំងនៅវិមានឯករាជ្យ ខេត្តព្រះសីហនុ។

ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង-ភ្នំពេញ ប្រើរថយន្ត១៥គ្រឿង មានទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញទីតាំងចំណតនៅចំណតរថយន្តក្រុងផ្សារលើ។ ផ្លូវជាតិលេខ៥ ភ្នំពេញ-ពោធិសាត់-ភ្នំពេញ ប្រើរថយន្ត១៥គ្រឿងទីតាំងនៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវពីម៉ោង៦:៣០ ដល់ម៉ោង១១:៣០ព្រឹក។ ពីខេត្តមកភ្នំពេញ ចំណតនៅបុរីឧកញ៉ាភូពុយ។

ផ្លូវជាតិលេខ៥ ភ្នំពេញ-បាត់ដំបង-ភ្នំពេញ ប្រើរថយន្ត៦០គ្រឿង ទីតាំងនៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ ចំណតរថយន្តផ្សារភូពុយពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ផ្លូវជាតិលេខ៥ ភ្នំពេញ-បន្ទាយមានជ័យ-ភ្នំពេញ ប្រើរថយន្ត៦០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ ចំណតរថយន្តក្រុងសិរីសោភណ ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៦ភ្នំពេញ-កំពង់ធំ-ភ្នំពេញ ប្រើរថយន្ត១០គ្រឿងទីតាំងដីឡូតិ៍តំបន់ OCIC ជ្រោយចង្វា ពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញចំណតភោជនីយដ្ឋានស្ទឹងសែន។

ផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប-ភ្នំពេញ ប្រើរថយន្ត១២០គ្រឿង ទីតាំងចេញដំណើរដីឡូតិ៍តំបន់ OCIC ជ្រោយចង្វាម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ ចំណតបុរីរដ្ឋបាលខេត្តសៀមរាបវិថីសម្តេចវិបុលបញ្ញាសុខ អានម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ផ្លូវជាតិលេខ៦និង៧ ភ្នំពេញ-កំពង់ចាម-ភ្នំពេញប្រើរថយន្ត១៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុងពីម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ ចំណតរថយន្តខេត្តកំពង់ចាម ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៦និង៧ ភ្នំពេញ-ត្បូងឃ្មុំ-ភ្នំពេញ ប្រើរថយន្ត១៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ម៉ោងម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ ចំណតផ្សារសួង ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៨និង១៣ ភ្នំពេញ-ក្រចេះ-ភ្នំពេញ ប្រើរថយន្ត១៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។ ដោយឡែក ពីខេត្តមកភ្នំពេញ ចំណតនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តម៉ោង៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ផ្លូវជាតិលេខ៨និង១៣ដដែលភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ ប្រើរថយន្ត១០គ្រឿង ចេញពីទីតាំងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ពីម៉ោង៦កន្លះដល់១១កន្លះព្រឹក។ ដោយឡែកពីខេត្តមកភ្នំពេញ នៅចំណតសាលាខេត្តស្ទឹងត្រែងពីម៉ោង ៦:៣០ដល់ម៉ោង១១:៣០ព្រឹក។

ក្នុងសេចក្តីជូនដំណឹងនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ៕