ភាពវិជ្ជមាន អាមេរិក បង្ហាញក្នុងការផ្តល់ជំនួយបច្ចេកទេស ពង្រឹងវិស័យពិការភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរ

ឥណ្ឌូនេស៊ី៖  រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃឌិន នៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

លោក ឯម ច័ន្ទមករា បានមានថ្លែងថា ការជួយរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ានពិតជាមួយសារៈសំខាន់សម្រាប់វិស័យពិការភាព និងស្នើធ្វើយ៉ាងណាជួយដល់បណ្តាប្រទេសក្នុងអាស៊ានឱ្យបានច្រើនថែមទៀត។

ក្នុងឱកាសនៃជំនួបនោះ លោក ឯម ច័ន្ទមករា ជម្រាបលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិកថា វិស័យពិការភាពនៅកម្ពុជាគឺទទួលបានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលក្នុងនោះទីភ្នាក់ងារសហរដ្ឋអាមេរិសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។
លោករដ្ឋលេខាធិការសង្គមកិច្ច ក៏បានជម្រាបជូនលោកជំទាវ សារ៉ា មិនការ៉ា ដែលថាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះវិស័យពិការភាព ដោយលោកគឺជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ។

បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺបាន និងកំពុងបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មានការរៀបចំផ្លូវថ្មើជើងសម្រាប់ជនពិការភ្នែក ហើយនៅតាមក្រសួង-ស្ថាប័នរដ្ឋក៏ដូចជាឯកជន រួមទាំងនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ រមណីដ្ឋាន កន្លែងកំសាន្តនានាក៏បាននិងកំពុងរៀបចំនូវផាសុកវត្ថុដែលរួមមានជណ្តើរយោង ចំណតយានយន្ត បន្ទប់ទឹកមានធ្នាក់ដៃជាដើម សម្រាប់ជនមានពិការភាព បើតាមលោករដ្ឋលេខាធិការ បានលើកឡើង ។

បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព ន័យនេះគឺជាការវិវឌ្ឍថ្មីមួយទៀត ក្នុងវិស័យពិការភាពនៅកម្ពុជា។ ក្នុងនោះដែរលោក ឯម ច័ន្ទមករា បានស្នើដល់ភាគី សហរដ្ឋអាមេរិកចូលរួមជួយផ្នែកបច្ចេកទេស ដើម្បីត្រៀមការអនុវត្តច្បាប់នេះនាពេលខាងមុខ។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយពង្រឹងសមត្ថភាពអំពីការលើកកម្ពស់សិទ្ធិជនមានពិការភាពដល់អ្នកជំនាញច្បាប់រួមមានមេធាវី ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីនគរបាលយុត្តិធម៌។
លោករដ្ឋលេខាធិការ ក៏បានស្នើដល់ភាគីសហរដ្ឋអាមេរិក ចូលរួមជួយកផ្នែកបច្ចេកទេសដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីពិការភាព និងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពនៅកម្ពុជា។

ជាការឆ្លើយតបលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក បានសម្តែងនូវការចាប់អារម្មណ៍ និងរីករាយទទួលស្វាគមន៍ចំពោះសំណើរផ្លូវការពីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។  លោកជំទាវ សារ៉ា មិនការ៉ា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ដើម្បីអញ្ជើញធ្វើទស្សនៈកិច្ចមកព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកជំទាវមានប្រសាសន៍បញ្ជាក់ថា កម្ពុជាពិតជាដៃគូសំខាន់របស់យើង ។ យើងប្តេជ្ញាចិត្តចំពោះពិការភាព មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងលើទ្វេភាគីជាមួយប្រទេសកម្ពុជា ដូច្នេះខ្ញុំគិតថាមានការងារល្អដែលត្រូវធ្វើ៕