យុវជន៣នាក់ យកកាំភ្លើងបាញ់គ្រាប់កង់ បាញ់គូទំនាស់ឱ្យរបួស ត្រូវបានឃាត់ខ្លួន

បាត់ដំបង÷ កាលពីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នគរបាលបាននាំខ្លួនក្រុមក្មេងទំនើង ដើរលេងយប់ចំនួន៣នាក់ មកអនុវត្តន៍ច្បាប់ ក្រោយយកកាំភ្លើងខ្លី ប្រើហ្គាសបាញ់គ្រាប់ពិដាងកង់(ដែក) លើភាគីទំនាស់បណ្តាលឲ្យរងរបួស ។

នៅយប់កើតហេតុ បន្ទាប់ពីជួបជាមួយភាគីធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ក្រុមជនបង្ក បានតាមស្ទាក់ និងយកកាំភ្លើងខ្លី បាញ់គ្រាប់កង់បាញ់ចំនួន៣គ្រាប់ លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស បើតាមសមត្ថកិច្ចបានឱ្យដឹង។

ដោយក្រុមជនបង្កបទាំង៣នាក់មានឈ្មោះ៖

ទី១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស

ទី២-ឈ្មោះសុខ ផានិត ភេទប្រុស

ទី៣-ឈ្មោះ រី រូហ្សា ភេទប្រុស

ទាំងបីនាក់ខាងលើ មានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំពោះវត្ថុតាង ដែលដកហូតរួមមាន: កាំភ្លើងខ្លីម៉ាក PIETRO BERETTA ប្រើហ្គាសមួយដើម គ្រាប់ពីដាងមួយកំប៉ុង មានគ្រាប់ឃ្លីដែកចំនួន០៨ គ្រាប់ រួមទាំងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង ១AS-៧៨៤០។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី៕