ប៉ូឡូញ៖ ក្នុងសង្គមតួនាទីរបស់ស្ត្រី ស្ថិតក្នុងហានិភ័យ ក្នុងការបោះឆ្នោត

ប៉ូឡូញ ស្ត្រីវ័យក្មេងម្នាក់បានទៅកាន់មន្ទីរពេទ្យ នៅភាគខាងកើតប្រទេសប៉ូឡូញ កាលពីឆ្នាំ២០២១ ដើម្បីរម្លូតកូន ដោយសារនាងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះថា ទារកដែលនៅក្នុងផ្ទៃរបស់នាងមានពិការភាព ពោលគឺមិនមានលលាដ៍ក្បាល។ តែគ្រូពេទ្យបដិសេធវិធីសាស្ត្ររបស់នាង ដោយខ្លាចថា ល្មើសនឹងច្បាប់។

នាមត្រកូលរបស់នាង Agata ដែលមិនត្រូវបានឲ្យស្គាល់ជាសាធារណៈ បង្ហាញពីអ្វី ដែលក្រុមប្រឆាំងសេរីនិយមរបស់ប៉ូឡូញមើលឃើញថា ជាការបំផ្លាញសិទ្ធិស្ត្រី អំឡុងការគ្រប់គ្រងរយៈពេល ៨ឆ្នាំរបស់គណបក្សជាតិនិយម ច្បាប់និងយុត្តិធម៌ (PiS)។

បើយោងតាមសកម្មជន ដែលបានជួយចាត់ចែងករណីរបស់នាង Agata បានឲ្យដឹងថា ក្រោយមក នារីរូបនេះបានទទួលការរម្លូតនៅកន្លែងផ្សេង ប៉ុន្តែស្ថានភាពដ៏លំបាករបស់នាង ក្លាយជាសំឡេងបន្លឺឡើងយ៉ាងខ្លាំងដល់មនុស្សជាច្រើន នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ (ទី១៥ ខែតុលា) នេះ ដែលសិទ្ធិស្ត្រី បានលេចឡើងជាបញ្ហាយុទ្ធនាការដ៏សំខាន់។

ចំនួនអ្នកបោះឆ្នោតស្ត្រី ដែលមិនទាន់សម្រេចចិត្ត ខ្ពស់ដល់ទៅ ២ដង លើចំនួនបុរស ក្នុងក្រុមអ្នកមានអាយុស្របាលៗគ្នាភាគច្រើនបំផុតនោះ បណ្ដាអ្នកសង្គមវិទូនិយាយថា ប្រសិនបើគណបក្សប្រឆាំង ធ្វើបានសម្រេចក្នុងការផ្ដល់ថាមពលឲ្យដល់ពួកស្ត្រីនោះ ទង្វើនេះអាចនឹងក្លាយជាបច្ច័យនាំឲ្យគណបក្សទទួលបានជ័យជម្នះក៏ថាបាន យោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល Batory Foundation បានឲ្យដឹង ។

អំឡុងបាតុកម្មប្រឆាំង ក្នុងខែនេះ ស្ត្រីឈ្មោះ Magdalena Bojko ដែលជាបុគ្គលិកការិយាល័យវ័យ ៣៦ឆ្នាំម្នាក់ បាននិយាយថា៖ «គណបក្ស PiS មិនគោរពស្ត្រីនោះទេ»។

នៅពេលសួរថាតើនាងសង្ឃឹមថា គូប្រជែងដ៏សំខាន់របស់គណបក្ស PiS គឺគណបក្ស សម្ព័ន្ធពលរដ្ឋ Civic Coalition (KO) អាចធ្វើអ្វីបាន ប្រសិនបើគណបក្សនេះឈ្នះឆ្នោត នាងបាននិយាយថា «ធានាថា យើងអាចបង្កើតកូនប្រកបដោយភាពថ្លៃថ្នូរ និងមានសិទ្ធិទទួលបាន IVF (បច្ចេកមួយ ក្នុងចំណោមបច្ចេកទេសជាច្រើនជួយអ្នកដែលមានកូនដោយលំបាក)»៕