ប្រជាជនប៉ាឡេស្ទីនប្រឈមវិបត្តិស្បៀងអាហារ បណ្តាលមកពីអ៊ីស្រាអែល បន្តសងសឹកនឹងក្រុមហាម៉ាស់

បរទេស៖ ​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់ហ្គាហ្សារបស់ អ៊ីស្រាអែល​ បើទោះជាក្រុមហាម៉ាស់គំរាមសម្លាប់ចំណាប់ខ្មាំងដោយគ្មានត្រាប្រណីក្តី។ ចំនែក ប្រជាជនរស់នៅក្នុងតំបន់ហ្គាហ្សា កំពុងប្រឈមនឹងការអត់ឃ្លាន និងការខ្វះខាតថ្នាំសង្កូវសម្រាប់ប្រើប្រាស់ ។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan អះអាងថា ប្រជាជនអ៊ីស្រាអែលជាង ១៥០នាក់បានក្លាយជាចំណាប់ខ្មាំងរបស់ក្រុមឧទ្ទាមហាម៉ាស កាល​ពីល្ងាចថ្ងៃច័ន្ទ ទី៩​ ខែតុលា ឆ្នាំ២០២៣ ។  លោកប៉ាន់ស្មានថា តួលេខចំណាប់ខ្មាំងនេះអាចមានចន្លោះពី ១០០នាក់ ទៅ ១៥០នាក់ ឬអាចច្រើនជាងនេះ ប្រសិនបើជម្លោះនេះនៅតែបន្តពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមគ្នានេះដែរ ក្រុមឧទ្ទាមមហាម៉ាស់របស់ប៉ាឡេស្ទីន បានព្រមានរដ្ឋាភិបាលអ៊ីស្រាអែលថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវសម្លាប់ដោយការប្រហារជីវិត ពិសេសនឹងចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ប្រសិនបើអ៊ីស្រាអែលមិនដកទ័ព ឬបញ្ឈប់ការវាយប្រហារមកលើតំបន់ហ្គាហ្សានោះទេ ។ ​ក្រុមនេះ​បញ្ជាក់ទៀតថា ​ខ្លួនមានចំណាប់ខ្មាំង​ជាង​១០០​នាក់នៅក្នុងដៃ ដែលក្នុងនោះមានទាំងប្រជាជនអ៊ីស្រាអែល និង​មន្ត្រី​កងទ័ព​អ៊ីស្រាអែល​ផង​ដែរ។

ក៏ប៉ុន្តែហេតុការណ៍នេះ មិនអាចបញ្ឈប់ ឬរារាំងសកម្មភាព តបតរបស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីនបានឡើយ ដ្បិតអាជ្ញាធរអ៊ីស្រាអែលថា នេះជាកិច្ចគាំពារធានាអនាគតរបស់អ៊ីស្រាអែលទាំងមូល ។  បច្ចុប្បន្ន កងកម្លាំងអ៊ីស្រាអែលកំពុងឡោមព័ទ្ធ វាយប្រហារជុំវិញតំបន់ហ្គាហ្សា ក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់កងកម្លាំងហាម៉ាស និងលុបបំបាត់មហិច្ឆតារបស់ប៉ាឡេស្ទីន។

អ៊ីស្រាអែលមិនអាចស្តារសន្តិសុខសុវត្ថិភាពសម្រាប់ពលរដ្ឋអ៊ីស្រាអែលបាននោះទេ ដរាបណាក្រុមហាម៉ាសនៅតែបន្តពង្រីកអំណាចនិងវាយប្រហារអ៊ីស្រាអែលតាមតែចិត្តខ្លួន។ លោកបន្តទៀតថា​ អ៊ីស្រាអែលនៅតែបន្តវាយប្រហារក្រុមហាម៉ាស់តាមផ្លូវអាកាស ហើយកំពុងត្រៀមផែនការពង្រីកអំណាចកងទ័ព កងទ័ពបម្រុង និងត្រៀមប្រមូលផ្តុំកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេស ដើម្បីត្រៀមខ្លួនសម្រាប់ភារកិច្ចខាងមុខ នេះបើតាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរូបនេះ ប្រាប់សារព័ត៌មាន CNN ផងដែរ។

អាជ្ញាធរអ៊ីស្រាអែល ទោះបីជាយ៉ាងណាក៏ដោយ ក៏សង្ឃឹមថា ចំណាប់ខ្មាំងសញ្ជាតិអ៊ីស្រាអែលទាំងអស់នេះនឹងអាចវិលត្រឡប់មកផ្ទះសម្បែងវិញដោយសុខសុវត្ថិភាព ។  តួយ៉ាង លោក Gilad Erdan បានអំពាវនាវឱ្យកាកបាទក្រហម និងអង្គការអន្តរជាតិទាំងអស់យកចិត្តទុកដាក់លើចំណាប់ខ្មាំងរបស់អ៊ីស្រាអែលជាពិសេស ក្រោមការឃ្លាំងមើលនៃច្បាប់អន្តរជាតិ។

មន្រ្តីអ៊ីស្រាអែលប្រកាសថា អ៊ីស្រាអែលនឹងកាត់ផ្តាច់ចរន្តអគ្គិសនី ស្បៀងអាហារ ប្រេងឥន្ធនៈ និងប្រព័ន្ធធារាសាស្រ្តនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះដែរ​ អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា តំបន់ហ្គាហ្សាអាចនឹងជួបវិបត្តិមនុស្សធម៌ ប្រសិនបើការផ្គត់ផ្គង់មិនត្រូវបានអនុញ្ញាតឱ្យនាំចូលមកក្នុងប្រទេស ខណៈអ៊ីស្រាអែលកំពុងបើកការវាយប្រហារសងសឹកលើក្រុមហាម៉ាស។

ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារទៅលើអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែលបានបិទច្រកនាំចូលទាំងអស់របស់តំបន់ហ្គាហ្សា ដែលធ្វើឱ្យប្រជាជនកំពុងជួបវិបត្តិស្បៀងអាហារ និងការខ្វះខាតថ្នាំពេទ្យសម្រាប់ប្រើបប្រាស់ផងដែរ។ សូមជម្រាបថា លំហូរនាំចេញឬនាំចូលត្រូវការការត្រួតពិនិត្យពីសំណាក់មន្រ្តីអ៊ីស្រាអែលជាមុនសិន ថាតើនរណាឬទំនិញអ្វីខ្លះអាចឆ្លងកាត់ព្រំដែនរបស់អ៊ីស្រាអែល។

ទន្ទឹមនឹងនោះ បច្ចុប្បន្ននេះ ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សាកំពុងប្រឈមនឹងការគ្មានចរន្តអគ្គិសនី អ៊ីនធឺណេត និងទឹកស្អាតសម្រាប់ប្រើប្រាស់។ មន្រ្តីប៉ាឡេស្ទីនគូសបង្ហាញថា ប្រជាជនក្នុងតំបន់នេះកំពុងប្រើប្រាស់រោងចក្រថាមពលហ្គាហ្សាតែមួយគត់ សម្រាប់ការផ្គត់ផ្គង់ចរន្តអគ្គិសនី តែរោងចក្រនេះអាចនឹងអស់ឥន្ធនៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

គួររំលឹកថា តំបន់ហ្កាហ្សានៃប្រទេសប៉ាឡេស្ទីនជាជម្រករបស់ប្រជាជនសរុបប្រហែល ២.៣លាននាក់ ដែលប្រជាជនស្ទើរតែ  ៨0% រស់នៅពឹងផ្អែកជាចម្បងក្រោមជំនួយមនុស្សធម៌ ។ តំបន់នេះទៀតសោតត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស៕