តំណែងប្រធានាធិបតីឆ្នាំ២០២៤ លោក Robert F. Kennedy Jr ប្រកាសប្រកួតប្រជែងក្នុងនាមជាបេក្ខជនឯករាជ្យ
អាមេរិក៖ លោក Robert F. Kennedy Jr មេធាវីខាងបរិស្ថាន ដែលជាសកម្មជនប្រឆាំងនឹងការចាក់វ៉ាក់សាំង និងជាកូនប្រុសរបស់អតីតសមាជិកព្រឹទ្ធសភា បានប្រកាសកាលពីថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Philadelphia ថា លោកកំពុងដកខ្លួនពីការប៉ុនប៉ងធ្វើជាបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ សម្រាប់តំណែងប្រធានាធិបតី ហើយនឹងឈរឈ្មោះប្រកួតប្រជែងតំណែងនេះ ក្នុងនាមជាបេក្ខជនឯករាជ្យ។
លោក Kennedy បានស្វះស្វែងជំរុញខ្លួនលោកឲ្យទៅជាអ្នកបង្រួបបង្រួម និងជាសំឡេងតំណាងឲ្យអ្នកបោះឆ្នោត ដែលធុញទ្រាន់នឹងការបែងចែកបក្សពួកកាន់តែអាក្រក់ទៅៗ របស់សហរដ្ឋអាមេរិក ដោយហៅអ្នកទាំងនោះថា ជាឧបសគ្គរាំងស្ទះ ដល់ការធ្វើឲ្យប្រទេសជាតិមានភាពប្រសើរឡើង។
នៅពីមុខមជ្ឈមណ្ឌលធម្មនុញ្ញជាតិ នៅចំពោះមុខមនុស្សរាប់រយនាក់ ដែលបានជួបជុំគ្នា លោក Kennedy បាននិយាយថា៖ «មានមនុស្សមកបញ្ឈប់ខ្ញុំគ្រប់ទីកន្លែង នៅព្រលានយន្តហោះ និងសណ្ឋាគារ និងនៅតាមផ្លូវ។ ហើយពួកគេបានរំលឹកខ្ញុំថា ប្រទេសនេះត្រៀមជាស្រេចក្នុងការផ្លាស់ប្តូរ ដែលបង្កើតបានជាប្រវត្តិសាស្ត្រ។ ខ្ញុំនៅទីនេះ ថ្ងៃនេះ ខ្ញុំនៅទីនេះ ដើម្បីប្រកាសខ្លួនខ្ញុំជាបេក្ខជនឯករាជ្យ»។
ការប្រកាសរបស់លោក Kennedy ធ្វើឲ្យស្មុគស្មាញដល់ការប្រកួតប្រជែងឆ្នាំ២០២៤ ដែលជាដំណើរឆ្ពោះទៅរកជួបគ្នាជាថ្មីម្ដងទៀត រវាងប្រធានាធិបតី លោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីលោក Donald Trump ដែលជាបេក្ខជននាំមុខគេរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិ។ តែអ្នកទាំង២ នៅតែមិនជាទីពេញចិត្តដោយភាគច្រើន ក្នុងរង្វង់សាធារណជនអាមេរិក៕