ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល បានមកដល់ប្រទេសកម្ពុជា

ភ្នំពេញ÷ លោក ម៉ៅរូ វីអេរ៉ា ដូចតាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប្រេស៊ីលរូបនេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ៅរូ វីអេរ៉ា នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួនទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តា សោភាសំដៅដាក់ចេញនូវវិធានការសកម្មភាពដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹង។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះ នឹងជាជំហានថ្មីសំខាន់ មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា នេះគឺជាមន្រ្តីការទូតទីមួយហើយនៅក្នុងតំបន់អាមេរិកឡាទីន ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីនេះ៕