ការប្ដេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ កម្ពុជា-ស្វីស ក្នុងក្របខណ្ឌ UN

ភ្នំពេញ÷ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិកា រអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយឱ្យដឹង។

ប្រភពដដែលបន្តថា ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ការជួយគាំទ្រនេះក៏ត្រូវបានផ្តល់ក្នុងក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។

ភាគីទាំងពីរក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ៕