ឥទ្ធិពលពីសង្គ្រាមហាម៉ាស – អ៊ីស្រាអែល ប៉ះពាល់ តម្លៃប្រេងឆៅ និងមាស
កងកម្លាំងប្រដាប់អាវុធហាម៉ាស បានកាន់កាប់តំបន់ហ្គាហ្សា បង្កជាសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ដែលផ្ទុះឡើង បានកំពុងតែជាចលករសំខាន់ជំរុញដល់តម្លៃប្រេងឆៅ និងមាស ព្រោះថា នេះជាទ្រព្យសុវត្ថិភាព សម្រាប់អ្នកវិនិយោគ នៅពេលតម្លៃភាគហ៊ុន មូលបត្របំណុលតែងតែប្រែប្រួលជាអវិជ្ជមាន ដោយសារឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ។
ក្នុងការជួញដូរកាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅទ្វីបអាស៊ី តម្លៃប្រេងឆៅ Brent បានកើន 4.7% ឡើងដល់ 86.65 ដុល្លារអាម៉េរិក/ធុងបារ៉ែល គ្រាដែលតម្លៃប្រេងឆៅ WTI ក៏កើន 4.5% ឡើងដល់ 88.39 ដុល្លារ/ធុង។
ក្រុមអ្នកវិភាគរបស់ធនាគារ ANZ Bank អះអាងថា ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ កើនឡើងនៅមជ្ឈិមបូព៌ានឹងគាំទ្រដល់តម្លៃប្រេងឆៅ ដោយវានឹងប្រែប្រួលខ្លាំងជាងនេះក្នុងពេលដ៏ខ្លីខាងមុខ ។ ចំណែកធនាគារ CBA របស់អូស្ត្រាលីវិញ យល់ថា កត្តានានាដែលកំពុងកើតឡើងនឹងអាចរុញតម្លៃប្រេងឆៅ Brent អនាគត ឡើងលើសពី 100 ដុល្លារ/ធុង ក្នុងរយៈពេលខ្លី ។
រីឯមាសវិញ តម្រូវការរបស់ពិភពលោកបានចាប់ផ្ដើមកើនឡើង ធ្វើឱ្យតម្លៃរបស់លោហធាតុនេះកើន 0.8% ឡើងដល់ 1,848 ដុល្លារ/អោន ដែលមួយអោន (ounce) ស្មើនឹង 8.29426 ជី។
ហេតុដែលនាំឱ្យតម្លៃមាសកើនឡើងបើទោះមូលបត្របំណុល និងរូបិយប័ណ្ណដុល្លារអាមេរិកឡើងថ្លៃ ក៏ព្រោះតែសង្គ្រាមអ៊ីស្រាអែល – ហាម៉ាស (ប៉ាលេស្ទីន) ដែលបានផ្ទុះឡើងកាលពីថ្ងៃទី 07 តុលាកន្លងទៅ យោងតាមក្រុមអ្នកជំនាញបានអះអាង ។ ការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចពិភពលោក ដោយសារថា ប្រភពផ្គត់ផ្គង់ទំនិញជាច្រើនត្រូវអាក់ខាន៕