អ៊ីស្រាអែល៖ តំបន់ហ្គាស្សាស្ទ្រីបបានកាន់កាប់មកវិញទាំងអស់
បរទេស៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងការពារអ៊ីស្រាអែលIDF និងក្រុមសកម្មប្រយុទ្ធហាម៉ាស ។
យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់ និងរបួស យោធាជាមួយពលរដ្ឋស៊ីវិលរាប់រយនាក់។
លោក Gallant បាននិយាយ បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុង នៅក្នុងតំបន់ហ្គាស្សាហើយ លោកបានបន្ថែមថានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ អ្វីគ្រប់យ៉ាងត្រូវបិទ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari ក៏បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះដែរថា អ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់នៅព្រំដែន Gaza ហើយថា មានការប្រយុទ្ធគ្នាតិចតួចនៅក្នុងសហគមន៍ ដែលត្រូវបានវាយលុកដោយពួកសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការវាយលុកកាលពីចុងសប្តាហ៍៕