ប្រមុខរដ្ឋប៉ាឡេស្ទីន៖ ស្នើសុំ UN ឲ្យជួយបញ្ឈប់ការឈ្លានពាន  របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន ៖  ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាខ្មូត អាបាស(Mahmoud Abbas) បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយបញ្ឈប់ «ការឈ្លានពានរបស់អ៊ីស្រាអែល»នៅក្នុងតំបន់ហ្គាហ្សា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃចន្ទ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការUN លោក អង់់តូញ៉ូ ហ្គុយតឺរេស (Antonio Guterres) លោកអាបាស បានស្នើឲ្យអង្គការសហប្រជាជាតិ«អន្តរាគមន៍ភ្លាមៗ» ដើម្បីបញ្ឈប់«ការឈ្លានពានរបស់អ៊ីស្រាអែល»ដែលកំពុងតែបន្ត នេះបើតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីយប់ថ្ងៃចន្ទ ។

លោកអាបាស បានស្នើដល់លោកហ្គុយតឺរេស និងអង្គការសហប្រជាជាតិឲ្យ«អនុវត្តភារកិច្ចរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយភាពស្របច្បាប់អន្តរជាតិ និងផ្តល់ការការពារអន្តរជាតិដល់ប្រជាជនប៉ាឡេស្ទីន» សារព័ត៌មាន WAFA បានរាយការណ៍។

សំណើរបស់លោកអាបាស ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានបញ្ជាឲ្យ «ឡោមព័ទ្ធទាំងស្រុង»លើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែល បង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ដែលបានបើកការលុកលុយយ៉ាងសាហាវចូលទៅក្នុងអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន។

លោក យ៉ូអាវ ហ្គាឡែន (Yoav Gallant) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្តេជ្ញាបញ្ឈប់ការផ្គត់ផ្គង់ស្បៀងអាហារ អគ្គិសនី និងទឹកដល់តំបន់ហ្គាហ្សា ដោយបាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃចន្ទថា ប្រទេសជាតិកំពុងមានសង្រ្គាមជាមួយ«សត្វមនុស្ស»៕