សម្ដេចធិបតីមានប្រសាសន៍ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរ នៅសេសសល់ក្នុងតំបន់គ្រោះថ្នាក់ទៅកាន់ទីសុវត្ថិភាពគ្រប់ៗគ្នា
ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់តាមរយៈសារសំឡេងពិសេសនារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុងខិតខំធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាពផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា កំណត់បានចំនួនពលរដ្ឋខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។
សម្ដេចធិបតីបញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់ នោះអាជ្ញាធរបានទាក់ទងបានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺផ្ទាល់តែម្ដងដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាជនខ្មែរ នៅក្នុងប្រទេសអ៊ីស្រាអែលគ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់ៗគ្នា។
សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជាពិសេសនិស្សិត បន្តយកចិត្តទុកដាក់ នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិតបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។
សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងអស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់នៅលើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។
សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ប្រាប់បណ្ដាប្រទេសដែលមានប្រជាជនរស់នៅក្នុងប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕