សម្ពោធដាក់ដំណើរការ ប្រព័ន្ធវេជ្ជសាស្រ្ត​ មេតឡាថេតវៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ការសម្ពោធដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត វៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងការបើកសិក្ខាសាលាស្តីពី ការធ្វើតេស្ត និងវិភាគរូបភាពវេជ្ជសាស្រ្ត ៤.០ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងព្រឹតិ្តការណ៍សម្ពោធប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឋិតក្រោមវត្តមានឯកឧត្តម ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិតសភាចារ្យ ង្វៀន​ អាញ់ជី​ (Nguyen Anh Tri) វីរៈជនពលកម្ម សមាជិកគណៈកម្មាធិការសង្គមនៃរដ្ឋសភា​ នីតិកាលទី១៥​, តំណាងរាស្រ្តនៃរដ្ឋសភានីតិកាលទី​១៤​ និង១៥ អតីតប្រធានវិទ្យាស្ថានលោហិតសាស្រ្ត និងបញ្ចូលឈាមថ្នាក់មជ្ឈិម ប្រធានសមាគមលោហិតសាស្រ្ត និងបញ្ចូលឈាម​ វៀតណាម និងមានការចូលរួមពីវេជ្ជបណ្ឌិតប្រមាណ៤០០នាក់ មកពីវិស័យសុខាភិបាលរដ្ឋ និងឯកជន។ ក្នុងពិធីសម្ពោធ និងសិក្ខាសាលាខាងលើនេះ លោក Nguyen Xuan Dinh នាយក មេតឡាថេត វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូ ចំនួន៣ ដូចជា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី (RCRC Vocational Training Center) គ្លីនិកមេគង្គ និងBIDC។

លោក ង្វៀន ហ្សាន ឌីន (Nguyen Xuan Dinh) នាយកក្រុមហ៊ុន មេតឡាថេត វៀតណាម បានឲ្យដឹងថា ប្រព័ន្ធវេជ្ជសាស្រ្ដ MEDLATEC Vietnam មានបណ្តាញ បរិក្ខារធំទូលាយបំផុតក្នុងប្រទេស ដែលមានមន្ទីរពេទ្យទូទៅចំនួន០១កន្លែង គ្លីនិកទូទៅ ចំនួន១២កន្លែង មន្ទីរពិសោធន៍ ចំនួន៣០កន្លែង និងការិយាល័យយកសំណាកគំរូដល់កន្លែងជាង២០០កន្លែងនៅទូទាំងប្រទេសវៀតណាម និងលើសពីនេះទៅទៀតអង្គភាពបានពង្រីកវិសាលភាព នៃប្រតិបត្តិការរបស់ខ្លួនជាអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលដៅដំបូងក្នុងទឹកដីប្រាង្គប្រាសាទអង្គរនោះ គឺព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំ នៃការបញ្ចប់នីតិវិធីយ៉ាងប្រញាប់ប្រញាល់ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបរិក្ខារ ក៏ដូចជាការពង្រឹងក្រុមគ្រូពេទ្យ ដោយមានការអនុញ្ញាតពីអាជ្ញាធរក្នុងប្រទេសវៀតណាម និងកម្ពុជា ប្រព័ន្ធ MEDLATEC Vietnam Healthcare បានប្រារព្ធពិធីសម្ពោធប្រព័ន្ធថែទាំសុខភាពវៀតណាម MEDLATEC នៅកម្ពុជា និងសន្និសីទវិទ្យាសាស្ត្រ “កម្មវិធីនៃការធ្វើតេស្ត និងរូបភាពរោគវិនិច្ឆ័យ ៤.០ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។

ចំណែកលោកបណ្ឌិត អ៊ី លីម៉ា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី ពិតជារីករាយណាស់ដែលបានឃើញនូវបច្ចេកវិទ្យាថ្មី លើវិស័យវេជ្ជសាស្រ្តទំនើប ដែលមេតឡាថេត បានឈានជើងចូលមកកាន់ប្រទេសកម្ពុជា។ ដូចយើងដឹងស្រាប់ហើយថា កម្ពុជា ជាប្រទេសមួយមានទីផ្សារសេរី ដែលមានថ្នាក់ដឹកនាំវ័យក្មេង និងផ្តោតលើគ្រប់វិស័យទាំងអស់ ក្នុងគោលនយោបាយធ្វើឲ្យរីកចម្រើន។ ប្រាកដណាស់ក្នុងគោលនយោបាយសុខាភិបាល គោលបំណងរួមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលសេវាសុខភាពទាំងរដ្ឋ និងឯកជន។ ដូច្នេះការចូលមកកាន់ប្រទេសកម្ពុជា គឺប្រកបដោយគុណភាព យើងទទួលយកទាំងអស់។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ង្វៀន​ អាញ់ជី​ បានថ្លែងថា មេតឡាថេត គឺជាក្រុមហ៊ុនដ៏ធំមួយ ទាក់ទងនឹងប្រព័ន្ធសុខាភិបាល មានបទពិសោធន៍៣០ឆ្នាំមកហើយ មានផ្នែកមនី្ទរពិសោធន៍ វិភាគរូបភាព ក៏ដូចជាការងារពិនិត្យ និងព្យាបាលជំងឺផងដែរ។ គួរកត់សម្គាល់ មេតឡាថេត បានរៀបចំមនី្ទរពិសោធន៍ដែលយកសំណាកទៅដល់ផ្ទះអតិថិជន នេះជាសេវាកម្មពិសេស ងាយស្រួល និងជឿនលឿន។ មេតឡាថេត បានអនុវត្តន៍បែបវិទ្យាសាស្រ្ត ៤.០ យកបច្ចេកវិទ្យាទាំងអស់ មកអនុវត្តន៍ក្នុងរូបភាពវេជ្ជសាស្រ្ត ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានសុខភាពល្អ។

ចំណែកលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា យើងពិតជាមានមោទនភាពណាស់ ដែលបានឃើញថាភាពជិតស្និទលើមូលដ្ឋានដ៏រឹងម៉ាំធ្វើឲ្យប្រទេសវៀតណាម និងប្រទេសកម្ពុជា ពង្រឹង និងពង្រីកទំនាក់ទំនងជាប្រវតិ្តសាស្រ្ត ទោះបីជាឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន។ ប៉ុន្តែមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា នៅតែបានពង្រឹងលើគ្រប់វិស័យ រួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍ រីកចម្រើនរុងរឿងរបស់ប្រទេសយើងទាំងពីរ។ ក្នុងចំណោមវិស័យដែលមានកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា សហប្រតិបតិ្តការលើវិស័យសុខាភិបាលតែងតែមានសារៈសំខាន់ ហើយតែងតែត្រូវបានយកចិត្តទុកដាក់ក្នុងគោលបំណងជាចម្បង គឺការពារសុខភាព និងការផ្លាស់ប្តូរលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសយើងទាំងពីរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាម-កម្ពុជា បានជម្រុញការផ្លាស់ប្តូរធនធានមនុស្ស ក្នុងវិស័យសុខាភិបាល និងសហការគ្នាបណ្តុះបណ្តាលមន្រី្តផ្នែកសុខាភិបាល ជាពិសេសនៅក្នុងការរាតត្បាតជំងឺកូវីដ-១៩ លើសកលលោក បណ្តាឲ្យរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ថ្ងៃនេះក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និយាយដោយឡែក លោកវេជ្ជបណ្ឌិត ពិតជាមានការរីករាយ ដែលមេតឡាថេត បានរួមចំណែកក្នុងការកសាង និងធ្វើឲ្យរីកចម្រើនក្នុងវិស័យសុខាភិបាល ដូចជាការបង្កើតឲ្យមានមនី្ទរពិសោធន៍មេតឡាថេត នៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានទីតាំងផ្តល់សេវាសុខាភិបាលឯកជន មានចំនួនរហូតដល់ទៅជាង៣៥០០កន្លែង ចំណែកមនី្ទរពិសោធន៍ មានចំនួន៣០ទីតាំង កំពុងតែបម្រើការក្នុងរាជធានីភ្នំពេញ។ ដូច្នេះមូលដ្ឋានសេវាសុខាភិបាលសាធារណៈ ក៏មិនអាចកាត់ផ្តាច់ចោលនូវសេវាសុខាភិបាលឯកជនបានផងដែរ នេះជាការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ គិតលើបញ្ហាសុខភាពជាចម្បង ដែលយើងទាំងអស់គ្នាត្រូវគិតអំពីបញ្ហាសុខភាព។ ទន្ទឹមនឹងនោះ ការដាក់ឱ្យដំណើរការនូវគ្លីនិកថ្មីនេះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

នាឱកាសនោះឯកឧត្តម ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានថ្លែងថា វៀតណាម និងកម្ពុជា ជាប្រទេសភូមិផង របងជាមួយគ្នា មានទំនាក់ទំនងជាប្រពៃណី ជិតស្និតតាំងពីយូរលុងមកហើយ។ បច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ បាននិងកំពុងត្រូវបានជំរុញលើគ្រប់វិស័យ ក្នុងនោះការសហប្រតិបតិ្តការលើវិស័យសុខាភិបាល មានតួនាទីសំខាន់ ហើយកាន់តែបានជំរុញថែមទៀត។ បន្ទាប់ពីភាពជោគជ័យរបស់មនី្ទរពេទ្យជោរៃ ភ្នំពេញ រយៈពេលកន្លងមកនេះ ថ្ងៃនេះពិតជាមានកី្តរំភើប និងជាមោទនភាព ដែលបានឃើញនូវទឹកចិត្តកក់ក្តៅ ការស្វាគមន៍រាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរ ចំពោះវត្តមានរបស់ប្រព័ន្ធសុខាភិបាល មេតឡាថេត វៀតណាម នៅប្រទេសកម្ពុជា ជាទីស្រស់ស្អាត និងសូមអបអរសាទរ មេតឡាថេត វៀតណាម និងជំរុញសហប្រតិបតិ្តការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរ ក្នុងពិធីសម្ពោធប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត កម្ពុជា ក្នុងក្របខ័ណ្ឌនេះ លោក Nguyen Xuan Dinh នាយក MEDLATEC កម្ពុជា បានប្រគល់កញ្ចប់តេស្តចំនួន ៥,០០០ កញ្ចប់ សម្រាប់ពិនិត្យ និងរកឱ្យឃើញទាន់ពេលនៃហានិភ័យមហារីកថ្លើម (AFP) ស្មើនឹង ៥៥,០០០ដុល្លារអាមេរិក សម្រាប់ទាំងអស់គ្នា។ ប្រព័ន្ធ មេតឡាថេត កម្ពុជា មានសមត្ថភាពអាចផ្គត់ផ្គង់បានជាង២,០០០តេស្ត ចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់ក្នុងឯកទេសផ្នែកឈាម, ជំងឺមហារីក, ហ្សែន, ជំងឺបេះដូង, ជំងឺឆ្លង ដើម្បីដោះស្រាយបានល្អបំផុតនូវតម្រូវការពិនិត្យ និងព្យាបាលតាមវេជ្ជសាស្រ្ដពិសេសរបស់ប្រជាជនក្នុងតំបន់៕