ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចតេជោនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។

​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែង ជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គម្ពុជាជាបន្តទៅទៀតដែរ។ សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែមានសិទ្ធិខាងនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។

សម្ដេចតេជោរម្លឹកថាជាករណីគាប់ជួនកាលពីថ្ងៃទី ២៥ ខែកក្កដា សម្ដេចបានចូលគាល់ព្រះមហាក្សត្រ ក្រោយចេញមកវិញសម្ដេចបានប្រកាសថា សម្ដេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្រ្ដីនៅក្នុងអាណត្តិទី៧នេះទៀតទេ គឺត្រូវប្រគល់ទៅឱ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ ក៏ជាថ្ងៃប្រសូតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ដូច្នេះការសម្រេចលះបង់តំណែងរបស់សម្ដេចនាពេលនេះ គឺជាការលះបង់ដើម្បីជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសុខសន្ដិភាព និងការអភិវឌ្ឍបន្តទៀត៕