អគ្គិភ័យឆាបឆេះរោងចក្រផលិតផាវនៅប្រទេសឥណ្ឌា មនុស្សយ៉ាងហោច ៧នាក់ស្លាប់ និង១០នាក់ទៀត រងរបួស
ឥណ្ឌា៖ នៅរដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ ខណៈដែលមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស ក្រោយរោងចក្រផលិតផាវ កើតមានអគ្គិភ័យកាលពីថ្ងៃចន្ទ ទី៩ ខែតុលា កន្លងទៅនេះ ។ សំណុំផ្សែងខ្មៅយ៉ាងក្រាស់ បានផុសចេញពីលើរោងចក្រ ដែលបានផលិតផាវ ចាប់តាំងពីឆ្នាំ ២០១៦រហូតមក ។
អធិការនគរបាលស្រុក Ariyalur លោក Thiruk Feroze Khan Abdullah បាននិយាយថា មកទល់នឹងពេលនេះ សាកសពមនុស្ស ៧នាក់ ត្រូវបានរកឃើញពីទីតាំងជួបឧបទ្ទេវហេតុ ហើយពួកយើងគិតថា មនុស្សប្រហែល ២នាក់ទៀត អាចនឹងស្ថិតនៅក្នុងរោងចក្រ ខណៈដែលមនុស្ស ១០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានមនុស្សសរុប ១៩នាក់នៅក្នុងរោងចក្រនេះ ។ ដោយឡែកមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យឡើង មិនត្រូវបានដឹងភ្លាមៗនោះទេ ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុឧស្សាហកម្ម គ្មានអ្វីចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ហើយគេតែងតែដាក់ការស្តីបន្ទោសលើមនុស្សដែលមិនគោរពច្បាប់សុវត្ថិភាព ក៏ដូចជាការត្រួតពិនិត្យធូររលុងរបស់ក្រុមមន្រ្តីរដ្ឋាភិបាល ៕