សម្ដេចតេជោផ្ដល់យោបល់ដល់សម្ដេចធិបតី ករណីអ៊ីស្រាអែលជូនដំណឹងគឺត្រូវដឹកពលរដ្ឋមកកម្ពុជាវិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងករណីប្រទេសអ៊ីស្រាអែលជូនដំណឹងឱ្យជម្លៀសពលរដ្ឋកម្ពុជាមកប្រទេសវិញ ចាំបាច់ត្រូវតែយកប្រជាពលរដ្ឋមកវិញ ដោយមិនខ្លាចនឹងចំណាយថវិកាក្នុងការទៅដឹកប្រជាពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនោះទេ។

​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះថា ប្រទេសមួយចំនួនត្រៀមដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែសម្ដេចបានជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធ ចំពោះសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋកម្ពុជារួចហើយគឺមិនត្រូវចាកចេញទាំងមិនទាន់មានការជូនដំណឹងណាមួយពីប្រទេសអ៊ីស្រាអែលនោះទេ។

សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើប្រទេសអ៊ីស្រាអែលមិនបានតម្រូវឱ្យចាកចេញទេ ប្រជាជនកម្ពុជា មិនគួរចាកចេញពីប្រទេសអ៊ីស្រាអែលពេលនេះនោះទេ ពីព្រោះបើចាកចេញនាពេលនេះ គឺថ្ងៃក្រោយកុំសង្ឃឹមថាបានទៅបន្តការសិក្សា ឬស្នាក់នៅប្រទេសអ៊ីស្រាអែលទៀត។

សូមជម្រាបថា ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា កំពុងស្នាក់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែលមានចំនួនប្រមាណ ៤៥០ នាក់។

ក្រោយព្រឹត្តិការណ៍ថ្មីៗ ដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។

រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន៕