កំណើនចំហេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី បង្កគុណភាពខ្យល់នៅសិង្ហបុរី ស្ថិតក្នុងកម្រិតគ្រោះថ្នាក់

សិង្ហបុរី គុណភាពខ្យល់របស់ប្រទេសសិង្ហបុរី បានធ្លាក់ចូលទៅក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព បើតាមសន្ទស្សន៍ផ្លូវការបានបង្ហាញ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ខណៈដែលការកើនឡើងនៃចំហេះព្រៃពីប្រទេសជិតខាងឥណ្ឌូនេស៊ី បាននាំមកនូវផ្សែងដ៏ខ្មួលខ្មាញ់ដល់ប្រទេសមួយនេះ។

សន្ទស្សន៍ស្តង់ដារបំពុលខ្យល់រយៈពេល ២៤ម៉ោងនៅភាគខាងកើត និងកណ្តាលនៃប្រទេសសិង្ហបុរី គឺលើសពីកម្រិត១០០ ហើយនោះជាកម្រិតដ៏គ្រោះថ្នាក់មួយ ដែលមនុស្សម្នាត្រូវបានណែនាំឱ្យកាត់បន្ថយសកម្មភាពខាងក្រៅយូរ និងណែនាំឲ្យស្នាក់នៅក្នុងលំនៅឋាន កាលពីម៉ោង២រសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងស្រុក) ។

ផ្សែងឆ្លងដែនមកពីចំហេះព្រៃ គឺជាបញ្ហាជាច្រើនឆ្នាំ នៅអាស៊ីអាគ្នេយ៍ ដោយសារចន្លោះប្រហោងនៃបទប្បញ្ញត្តិ ធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការលុបបំបាត់ការអនុវត្តការកាប់ឆ្ការ និងដុតបំផ្លាញដីរបស់ប្រទេសឥណ្ឌូនេស៊ី។

ចំហេះសកម្មចំនួន២១២ទីតាំង ត្រូវបានរកឃើញនៅលើកោះស៊ូម៉ាត្រា ក្បែរនោះរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ កើនឡើងពីចំនួន៦៥ទីតាំង កាលពីថ្ងៃព្រហស្បតិ៍ផងដែរ នេះយោងតាមទីភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីបានលើកឡើង ។

ទីភ្នាក់ងារនោះបានថ្លែងបន្តថា ការផ្លាស់ប្តូររយៈពេលខ្លីនៃទិសដៅខ្យល់ កាលពីរសៀលថ្ងៃសុក្រ បានធ្វើឱ្យផ្សែងមួយចំនួនហោះឆ្ពោះទៅរកប្រទេសសិង្ហបុរី ដែលធ្វើឱ្យគុណភាពខ្យល់របស់ប្រទេសនេះ កាន់តែអាក្រក់ទៅៗ។

កាលពីដើមសប្តាហ៍នេះ ប្រទេសម៉ាឡេស៊ី ក៏បានជំរុញឲ្យប្រទេសឥណ្ឌូណេស៊ី ចាត់វិធានការលើចំហេះនៅតាមព្រំដែនប្រទេសឥណ្ឌូណេស៊ី ខណៈគុណភាពខ្យល់ក្នុងប្រទេសម៉ាឡេស៊ីក៏ឡើងដល់កម្រិតគ្រោះថ្នាក់ផងដែរ៕