ល្បិចទល់ល្បិច! បុរសម្នាក់បបួលអ្នកស្គាល់គ្នាទៅលេងផ្ទះរួចខ្ចីម៉ូតូទៅទិញស្រាបៀរនឹងសាច់ក្លែម ជិះយកទៅបាត់ ចុងក្រោយជាប់ខ្នោះព្រោះចាញ់អន្ទាក់ស្នេហ៍
កណ្តាល៖ កុកភ្លេចជុង! បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីខ្ចីម៉ូតូ អ្នកស្គាល់គ្នាជិះរួចយកទៅបញ្ចាំបានលុយ៤០០ដុល្លារ។ ចុងក្រោយជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារចាញ់ល្បិចប្រើស្រីស្អាត ដាក់អន្ទងស្នេហ៍។
នៅផ្ទះជនសង្ស័យភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាកន្លែងកើតហេតុការណ៍ខ្ចីម៉ូតូស៊ីដាច់នេះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម សុមាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនសង្ស័យមានឈ្មោះ តែ ណុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កន្លងមកជនសង្ស័យ ក៏ធ្លាប់បានជាប់ពន្ធនាគារមួយលើករួចមកហើយ ករណីរំលោភលើទំនុកចិត្តដូចគ្នា។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងជាមួយឪពុករបស់ខ្លួននៅផ្ទះ ពេលនោះស្រាប់តែជនសង្ស័យបានតេទូរស័ព្ទហៅជនរងគ្រោះ មកជួបនៅផ្សារជម្ពូវ័ន្ត ហើយជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DL-0555 ចេញទៅជួបជាមួយជនសង្ស័យ ។ ពេលទៅដល់បានជួបគ្នាហើយជនសង្ស័យ ក៏បានឱ្យជនរងគ្រោះជូនទៅផ្ទះនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ពេលទៅដល់ផ្ទះរបស់ជនសង្ស័យហើយ ជនរងគ្រោះក៏បានចូលទៅអង្គុយលេងក្នុងផ្ទះរបស់ជនសង្ស័យ ក្រោយមកជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅទិញស្រាបៀរ និងសាច់ក្លែម ពេលនោះជនរងគ្រោះក៏បានឱ្យខ្ចីម៉ូតូជិះទៅ ហើយជនសង្ស័យជិះយកទៅបាត់មិនឃើញត្រឡប់មកវិញឡើយ។
លុះដល់ចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ដើម្បី ឱ្យជួយស្រាវជ្រាវស្វែងរកម៉ូតូ។
លុះក្រោយមកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ជនរងគ្រោះបានឱ្យប្អូនស្រី (អ្នករាប់អាន) តេទូរសព្ទនិយាយសារសងស្នេហា ហើយបានណាត់ជួបគ្នាជាមួយជនសង្ស័យតាមដងផ្លូវលីយ៉ុងផាត់ ហើយជនសង្ស័យបានជិះផាសអេបមកតាមការណាត់ជួប ហើយជនរងគ្រោះបានទំនាក់ទំនង ហៅកម្លាំងប៉ុស្តិ៍គោគរកា ខណ្ឌព្រែកព្នៅ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងជូនដំណឹងមកសមត្ថកិច្ចស្រុកអង្គស្នួល។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ពើក បានសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការប្រគល់-ទទួលជនសង្ស័យ ពីសមត្ថកិច្ចប៉ុស្តិ៍គោគរកា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវបានលុយចំនួន400$ (បួនរយដុល្លារ) ប្រាកដមែន៕