កុមារអាយុ១២ខែម្នាក់បានសង្រ្គោះជីវិត ពីមន្ទីរពេទ្យគន្ធបុប្ផា ក្រោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានសង្រ្គោះជីវិតកុមារម្នាក់ អាយុ១២ខែ បានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះមានជំងឺយ៉ាងធ្ងន់ធ្ងរ ដោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត។
តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr. Beat Richner នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជំងឺរលាកសួតធ្ងន់ធ្ងរ អាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុសមួយចំនួន ជួនកាលមានពួកបាក់តេរី និងវីរុសរួមគ្នាវាយប្រហារប្រព័ន្ធដង្ហើម ក្នុងពេលតែមួយផងដែរ។ ចៅប្រុសតូចម្នាក់នេះ មានអាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផា នាដង្ហើមចុងក្រោយ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយមានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A រួមគ្នាវាយប្រហារសួតរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយតាមរយៈផេកខាងលើនេះ បានបញ្ជាក់ថា«ចៅប្រុស ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញអស់រយៈពេល ៦៤ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងត្រូវបានធ្វើការវះកាត់យកក្លែបសួតស្អុយរលួយចំនួន២លើកថ្ងៃនេះបានជាសះស្បើយ និងមានសុខភាពល្អ ប្រសើរឡើងវិញ»។
ផេកហ្វេសបុកដែលមានឈ្មោះថា Dr. Beat Richner នេះគ៏បានថ្លែងអំណរអរគុណគន្ធបុប្ផា និងបន្តបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕