ការបញ្ជូនក្រុមនាវាពិឃាតអាមេរិកផ្ទុកយន្តហោះ នឹងទៅជិតអ៊ីស្រាអែល

សហរដ្ឋអាមេរិក  លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិ និយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូននាវា និងយន្តហោះយោធោជច្រើនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ជិតអ៊ីស្រាអ៊ែល ដើម្បីបង្ហាញការគាំទ្រ។ ទីក្រុងវ៉ាស៊ីនតោន ជឿថា ការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមហាម៉ាស អាចមានបំណង រំខានដល់ការធ្វើឲ្យមានប្រក្រតីភាពដ៏សំខាន់នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និង អារ៉ាប៊ីសាអ៊ូឌីត ។

ការវាយប្រហារ ពីក្រុមយុទ្ធជនហាម៉ាស ពាសពេញទីក្រុងមួយចំនួនរបស់អ៊ីស្រាអ៊ែល ខណៈប្រទេសនេះ បានជួបប្រទះថ្ងៃដ៏សោកសៅរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃសៅរ៍កន្លងទៅ ។ អ៊ីស្រាអែល បានវាយបកលើជនជាតិប៉ាឡេស្ទីនដោយការវាយប្រហារតាមអាកាស នៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ដោយមនុស្សរាប់រយនាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ទាំងសងខាង ។ អំពើហិង្សាដែលនៅតែបន្តនេះអាចចាប់ផ្ដើមរុញឲ្យមានសង្រ្គាមដ៏ធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា។

សហរដ្ឋអាមេរិក នឹងផ្ដល់អាវុធឲ្យទៅអ៊ីស្រាអែល ហើយជំនួយផ្នែកសន្តិសុខរបស់ខ្លួន បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ បើតាមលោក Austin បានបន្ត។ លោកបន្ថែមថា មន្ទីរបញ្ចកោន នឹងបន្ថែមយន្តហោះចម្បាំង ទៅកាន់តំបន់នោះ ផងដែរ ។

សេតវិមានបាននិយាយបន្ទាប់ពី ការសន្ទនាថាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២ថា លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាងហ៊ូ ( Benjamin Netanyahu) កាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមទៀត សម្រាប់កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល កំពុងដឹកជញ្ជូនទៅឲ្យអ៊ីស្រាអែល ហើយជំនួយបន្ថែមទៀត នឹង ទៅដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ។

លោក Austin បានលើកឡើងថា លោកបានបញ្ជាឲ្យបញ្ជូនក្រុមនាវពិឃាត ទៅជិតអ៊ីស្រាអែល ដែលរួមទាំងនាវផ្ទុកយន្តហោះ Ford និងនាវា ដែលផ្ដល់ជំនួយដល់នាវាផ្ទុកយន្តហោះនេះ ៕