ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ណែនាំអភិបាលក្រុងស្រុកទាំង៨ ចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលH5N1
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣នេះ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា បានណែនាំដល់អភិបាលក្រុងស្រុកទាំង៨ ចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី។
យោងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ និងបានបណ្តាលឱ្យបាត់បង់អាយុជីវិត នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់។
ដើម្បីចូលរួមទប់ស្កាត់ កុំឱ្យមានការឆ្លងរាលដាលជំងឺផ្តាសាយ បក្សី នៅក្នុងសហគមន៍ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវចាត់វិធានការចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យចេះធ្វើអនាម័យលំនៅឋាន លាង ដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ជាមួយ បក្សី ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវ ចម្អិនឱ្យបានឆ្អិនល្អ ។ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ក្នុង ចំនួនច្រើន ឱ្យរាយកាណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយក សត្វបក្សីឈឺ ឬងាប់ ទៅធ្វើចម្អិនធ្វើម្ហូបអាហារ៕