អបអរការដាក់ដំណើរ​ការព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ មនុស្សជាង ៧០០នាក់ បានចូលរួមរត់ប្រណាំង

សៀមរាប៖ ឪកាសអបអរខួប១០ឆ្នាំ នៃ​ការ​បង្កើត​យុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងដើម្បី​អបអរ​ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះ​ហើរ​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ មានប្រជាជនកម្ពុជា-ចិន ជាង ៧០០នាក់ បាននាំគ្នារត់ប្រណាំងចម្ងាយខ្លី ដែលនឹងប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា​ ឆ្នាំ​២០២៣​ខាង​​មុខនេះ នៅបណ្ដោយផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៣។

ប្រធានសមាគមទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា ការរត់ម៉ាតុងនេះ ក៏​បាន​បង្ហាញទៅភ្ញៀវទេសចរនៅក្នុងពិភពលោកថា កម្ពុជា​កំពុង​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​។ ​ហើយក៏ជាការឆ្លើយតបថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថភាព និង​អាច​បង្កើត​ព្រឹត្តិការណ៍បានគ្រប់ទីកន្លែង។

លោកអភិបាលរងខេត្តសៀមរាប ពិន ប្រាកដ បានមានប្រសាសន៍ថា ពិធីរត់ប្រណាំងចម្ងាយខ្លី នៅ​លើ​ផ្លូវហាយវេអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅទឹកដីខេត្តសៀមរាបនេះ ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុងគោលបំណងអបអរសាទរចំពោះខួបលើកទី១០ នៃការបង្កើតយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងចូលរួមអបអរសាទរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល​គ្រោង​នឹង​បើក​ដំណើរការ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ ក៏​ដូច​ជា​រួម​ចំណែក​ជំរុញ និងទាក់ទាញស្តាវិស័យទេសចរណ៍នៅប្រទេស កម្ពុជា​ក៏​ដូច​ជា​នៅ​ខេត្ត​សៀមរាប​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ក្រោយវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយខ្លីនាពេលនេះ គឺជាការចូលរួមចំណែក ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​នូវ ​វិស័យ​កីឡា ក៏ដូចជាវិស័យទេសចរណ៍ទូទាំងខេត្ត។ សូមបញ្ជាក់ថា កម្មវិធី​រត់​ប្រណាំង ដើម្បី​អបអរ​ការ​ដាក់​ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គឺមាន ៣វិញ្ញាសារួមមានរត់ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមជាង ៧០០នាក់៕