សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បានទូរស័ព្ទផ្ទាល់រំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទូរស័ព្ទដោយផ្ទាល់ និងផ្ញើលិខិត​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បាន​រង​គ្រោះ​បាត់​បង់ជីវិត ក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន) ។

តាមសារលិខិតរំលែកមរណទុក្ខ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូន ឪពុកម្ដាយ និងភរិយា សម្ដេច​បាន​សម្ដែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែល​ត្រូវជាកូនប្រុស និងជាស្វាមី និងជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម ហាម៉ាស់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។

សម្ដេចធិបតី បានចូលរួមរំលែកទុក្ខប្រកបដោយក្ដីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រម​ទាំង​សោកស្តាយ​ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោក ចាន់ ឧត្ដម គឺជាការបាត់បង់នូវកូនប្រុស ចៅប្រុស និងប្អូនប្រុស ដែលប្រកបដោយ កតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតជាទីស្រលាញ់ទាំងអស់ ហើយនេះ ក៏​ជា​ការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាន និងកំពុង​បំពេញ​បេសកកម្ម​សិក្សា​បង្កើន កម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។

សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់​បាន​យោង​យក​កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕