មានសិទ្ធិហាមឃាត់ និងផាកពិន័យអ្នកដំណើដែរឬទេ មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា?

ភ្នំពេញ៖ ឯកសណ្ឋានអាវពីពណ៌ខៀវផ្ទៃមេឃ បានប្តូរមកជាពណ៌លឿងទុំវិញ ជាការធ្វើបច្ចុប្បន្នភាពមន្រ្តីនគរបាលជាប់កិច្ចសន្យា ដែលមិនច្រឡំនឹងមន្ត្រីនគរបាលពេញសិទ្ធិ ។ មន្ត្រីជាប់កិច្ចសន្យានេះ ជាជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។

ប្រធានការិយាល័យផ្សព្វផ្សាយ អប់រំ និងជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យានេះមានតួនាទីត្រឹមជួយសម្រួលការងារចរាចរណ៍ នៅតាមដងវិថី និងមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ បើយោងតាមការឱ្យដឹង។

គួររំលឹកកន្លងមកដោយសារ មានការរិះគន់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការមិនពេញចិត្ត ចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលតែងតែអនុវត្តលើសពីតួនាទីរបស់ខ្លួន ដូចជា មានការឃាត់យាន្តយន្តនៅតាមដងផ្លូវដើម្បីធ្វើការផាកពិន័យជាដើម។

ម្យ៉ាងវិញទៀត ដោយសារតែឯកសណ្ឋានហាក់ស្រដៀងទៅនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកផង ទើបថ្មីៗនេះសាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ៕