ថ្ងៃនេះ ! នៅស្ដាតអូឡាំពិក និងលើអែប សំបុត្រទស្សនាការប្រកួតជម្រុះ World Cup រវាងកម្ពុជា និងប៉ាគីស្ថាន ដាក់លក់ហើយ
វគ្គជម្រុះជុំទី១ រវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន បានដាក់លក់សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Preliminary Joint Qualification ដោយមានដាក់លក់ផ្ទាល់ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នៅព្រឹកថ្ងៃទី០៧ ខែតុលានេះ មុនការប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចូលទស្សនាការប្រកួតអន្ដរជាតិ បែងចែកជា ២ប្រភេទ គឺតំបន់ A មានតម្លៃ ៣០,០០០រៀល និងតំបន់ B មានតម្លៃ ១៥,០០០រៀល ដែលទស្សនិកជនអាចរកទិញផ្ទាល់បាននៅពហុកីឡដ្ឋានជាតិ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ចាប់ពីថ្ងៃទី០៧ ខែតុលានេះតទៅ ។
ខណៈមុនពេលដាក់លក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន នេះ គឺបានដាក់លក់តាម Online ជាង ២០ថ្ងៃមកហើយ ដោយអ្នកទិញសំបុត្រតាម Online អាចប្ដូរយកក្រដាសសំបុត្របាននៅសួន Vattanac Capital Lifestyle Park ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែតុលា និងច្រកចូលពហុកីឡដ្ឋានជាតិ ប្ដូរនៅថ្ងៃទី១២ ខែតុលា ត្រូវនឹងថ្ងៃប្រកួតតែងម្ដង ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ចំនួន ២ជើង ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយជើងទី១ ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាម៉ោង ៧យប់ថ្ងៃទី១២ ខែតុលា មុនការប្រកួតកាត់សេចក្ដីជើងទី២ រវាងក្រុមទាំងពីរ នៅទឹកដីប្រទេសប៉ាគីស្ថានវិញម្ដង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕