នៅជុំវិញផ្ទះ ដាំបន្លែជួយឲ្យប្រជាពលរដ្ឋជៀសពីចំណាកស្រុក
ក្រុមគ្រួសារមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ ធ្លាប់ពឹងអាស្រ័យលើកាប់រានព្រៃឈើ យកដីធ្វើកសិកម្មបែបពនេចរ និងចូលព្រៃបរបាញ់សត្វ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងខេត្តកោះកុង ដើម្បីផ្លាស់ប្តូរទម្លាប់កាប់បំផ្លាញព្រៃឈើធ្វើស្រែចំការ ងាកមកធ្វើកសិកម្មបែបនិរន្តភាពការពារបម្រែបម្រួលអាកាសធាតុ។
លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា កាលពីមុនប្រជាជនរស់នៅក្នុងសហគមន៍បានពឹងផ្អែកលើការរុករកធនធានព្រៃឈើដើម្បីចិញ្ចឹមជីវិត។ លោកថាជីវភាពពលរដ្ឋក្នុងសហគមន៍កាលណ្ណោះមិនគួបប្រសើរនោះទេ ព្រោះការរស់នៅតាមជ្រលងភ្នំតំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។ ប៉ុន្តែបន្ទាប់ពីសហគមន៍សុវណ្ណាបៃតងបានដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance បានផ្លាស់ប្រែជីវភាពកសិករដោយឱ្យកសិករបានទទួលលំនៅដ្ឋាននិងបានទទួលវគ្គបណ្តុះបណ្តាលនានាទាក់ទងកសិកម្ម។
លោកបន្ថែមថា ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋមានដីកម្មសិទ្ធិច្បាស់លាស់ ហើយបោះបង់ទម្លាប់ចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃដែលរបរនេះប្រឈមបញ្ហាផ្លូវច្បាប់។ បើនិយាយពីការធ្វើកសិករបែបពនេចររបស់ប្រជាសហគមន៍លោកអះអាងថា ពលរដ្ឋមួយគ្រួសារបានកាប់ព្រៃឈើមួយឆ្នាំប្រហែល ១ ហិកតា ទៅ ២ ហិកតាឯណោះ។ លោកថា ការធ្វើកសិកម្មពនេចរនេះបានបំផ្លាញព្រៃឈើ និងមិនបានជួយឱ្យជីវភាពល្អមិនប្រសើរនោះឡើយ ថែមទាំងធ្វើឱ្យព្រៃឈើនិងសត្វព្រៃកាន់តែបាត់បង់។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសុវណ្ណាប៉ៃតងអ្នកស្រី យី កំណាប់ បានប្រាប់ថា មុនឆ្នាំ ២០០៣ អ្នកស្រីតែងតែចូលកាប់ព្រៃធ្វើចម្ការ និងរកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែក្រោយពីបានមករស់នៅក្នុងសហគមន៍ អ្នកស្រីទទួលបានដីសហគមន៍ដែលមានលំនៅដ្ឋានច្បាស់លាស់ មានទទួលបានសេវាសុខាភិបាលល្អប្រសើរ ហើយមានសាលារៀននៅជិតផ្ទះដែលធ្វើឱ្យកូនៗបានសិក្សារៀនសូត្រ។
អ្នកស្រីរំលឹកថា ការកាប់រានព្រៃពីកន្លែងមួយទៅកន្លែងមួយប្រឈមបញ្ហាផ្សេងៗពោលគឺបញ្ហាផ្លូវច្បាប់នានា។ ប៉ុន្តែបន្ទាប់ ពីមករស់នៅជាមួយសហគមន៍បែបនេះបានធ្វើឱ្យអ្នកស្រីនិងប្រជាសហគមន៍ផ្សេងទៀតបានជួបជីវភាពល្អប្រសើរជាងមុន។
តាមការឱ្យដឹងពីប្រធានសហគមន៍សុវណ្ណាបៃតង សហគមន៍សុវណ្ណាបៃតងបានបង្កើតឡើងនៅឆ្នាំ ២០០៣ ស្ថិតនៅភូមិកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នសហគមន៍មួយនេះបានរៀបចំជាភូមិរដ្ឋបាល ដែលទទួលស្គាល់ពីអាជ្ញាធរនៅឆ្នាំ ២០១៣ និងមានប្រជាជនជាង២០០គ្រួសារកំពុងរស់នៅ។
លោកបញ្ជាក់ថា ប្រជាសហគមន៍មករស់នៅទីនេះទទួលបានដី ១ ហិកតាកន្លះក្នុងមួយគ្រួសារ និងទទួលការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសម្រាប់ទ្រង់ទ្រង់ដល់ការរស់នៅ ខណៈសហគមន៍សុវណ្ណាបៃតងដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០០ ហិកតា។ រីឯហេដ្ឋានរចនាសម្ព័ន្ធវិញក្នុងសហគមន៍មានមណ្ឌលសុខភាព មានសាលារៀនងាយស្រួលសម្រាប់ពលរដ្ឋក្នុងសហគមន៍បញ្ជូនកូនចៅទៅសិក្សា។
លោក អាត់ ណុច បានបន្តថា ការរស់នៅក្នុងសហគមន៍ ប្រជាសហគមន៍ត្រូវផ្តិតមេដៃព្រមព្រៀងជាមួយសហគមន៍ឈប់បរបាញ់សត្វ ឈប់ធ្វើចម្ការពនេចរ ដោយបង្វិលមកធ្វើកសិកម្មអចិន្រ្តៃយ៍ធន់នឹងបម្រែបម្រួលអាកាសធាតុ។ ក្រៅពីធ្វើកសិកម្មប្រជាសហគមន៍អាចប្រកបរបរផ្សេងៗបានផងដែរដូចជា ធ្វើសំណង់ នេសាទ និងការងារសុច្ចរិតត្រឹមត្រូវស្របតាមច្បាប់។
សូមបញ្ជាក់ថា ការធ្វើកសិកម្មបែបអចិន្ត្រៃយ៍ឬធន់នឹងការប្រែប្រួលអាកាសធាតុនេះ គឺជាការធ្វើកសិកម្មបែបចម្រុះគឺមានទាំងការដោះដុះបន្លែផ្លែឈើចម្រុះជាមួយនឹងការចិញ្ចឹមសត្វផងដែរ៕