សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ វេចនំអន្សមភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ត្រូវនឹងថ្ងៃសុក្រ ៧រោជ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជាថ្ងៃបិណ្ឌទី៧ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) បានរៀបចំកម្មវិធី វេចនំអន្សមភ្ជុំបិណ្ឌ ។

សកម្មភាពនិស្សិតបានចែកជាក្រុមៗ ក្នុងការរៀបចំវេចនំអន្សមទៅតាមក្រុមនីមួយៗ ក្នុងបរិយាយកាសស្និលស្នាល សប្បាយរីករាយ ដែលនេះសបញ្ជាក់ពីស្មារតីសាមគ្គី និងថែរក្សាវប្បធម៌ប្រពៃណីយ៍ជាតិ សំដៅទៅលើកម្ពស់មុខមាត់ កម្ពុជាទៅកាន់ឆាកអន្តរជាតិ ដើម្បីឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់ថា កម្ពុជាជាប្រទេសដែលកកើតទឹកដីវ័យចំចាស់ជាងគេនៅអាស៊ាននេះ។

ក្រោមការដឹកនាំរបស់លោកជំទាវ ទេព កុលាប សាកលវិទ្យាល័យបានដឺកនាំយុវនិស្សិតឲ្យបានចូលរួម ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងកិច្ចការសង្គម មនុស្សធម៌ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីខ្មែរ ឲ្យបានគង់វង្សជាដរាប។

សូមរលឹកពីនំអន្សម គឺជា​នំ​ប្រពៃណី របស់​ជនជាតិខ្មែរ ដែលមាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ហើយ​នំ​ប្រភេទ​នេះ ទំនង​អាច ​និង​មាន​ប្រវត្តិ កើតមាន​ក្នុង​រាជ​ព្រះបាទ ជ័យ​វរ្ម័នទី២ ដែលមាន​ជំនឿ​គោរព​ទៅលើ ព្រះ​ឥសូរ ឬ ព្រះ​សិវៈ ដែល​តំណាងឱ្យ សសរ​ភ្លើង​ឥ​ស្វរៈ នៃ​ដើមកំណើត​ព្រះ​ឥសូរ ដែល​នាំយក សិវៈលិង្គ​មក​គោរពបូជា ក្នុង​លទ្ធិទេវរាជ​របស់​ព្រះអង្គ ប៉ុន្តែ​ក្រោយមក​ការគោរព​នូវ សិវៈលិង្គ នៃ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​បោះបង់ចោល និង សាបរលាប​ទាំងស្រុង ដោយ​ការយល់ឃើញថា ការ​មាន​ជំនឿ​ទៅលើ​រឿង​ប្រដាប់ភេទ​ចំអេសចំអាស វា​ជា​រឿង​មិន​សម​ហេតុផល និង ជា​រឿង​ខ្វះ​សីលធម៌​ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុង​ប្រពៃណី​របស់​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​នំ​តំណាង ឱ្យ​ការដឹងគុណ​ឪពុក  ដែល​លោក​ខំ​បីបាច់រក្សាកូនៗឲ្យរស់ ធំ​ដឹងក្ដី​ក្នុង​លោក​យើង​នេះ ។

ការ​វេច​នំអន្សម គេ​ត្រូវមាន​គ្រឿងផ្សំសំខាន់ៗដូចជា៖ អង្ករដំណើប សណ្ដែកបាយ ស្នូល​សាច់ ដែល​អាចដាក់​តាម​ចំណង់​ចំណូលចិត្ត សាច់ជ្រូក សាច់មាន់ ពងទាប្រៃ សាច់ក្រក ឬសាច់​គ្រឿង​សមុទ្រផ្សេងៗ រឿង​សំខាន់​គឺ​ស្លឹកចេក និង ខ្សែរ​ចង ត្រូវ​រៀប​ស្លឹកចេក​ជា​បន្ទះ រួច​សឹម​ដាក់ អង្ករដំណើប​នៅ​ជាន់​ទី១ បន្ទាប់មក​សណ្ដែកបាយ​នៅ​ជាន់​ទី២ រួចហើយ​ស្នូល​នៅ​ជា​ន់ទី៣ ឬ នៅ​ចំ​កណ្ដាល បន្ទាប់មក​អាច​បន្ថែម​អង្ករដំណើប និង សណ្ដែកបាយ​ពីលើ​បាន រួច​សឹម​យើង មូល​នៅ​ស្លឹកចេក​នោះ​ក្ដោប​យក​គ្រឿង​ទាំងអស់នោះ ហើយ​ធ្វើ​ការចង សឹម​យក​វា​ទៅ​ចំហុយ ឬ ស្ងោរ ជាការ​ស្រេច គេ​មិន​ប្រើ​ស្លឹក​អ្វី​ផ្សេង​យកមក​រុំ​ក្រៅពី​ស្លឹកចេក​នោះទេ ពីព្រោះ​ស្លឹកចេក​ធ្វើឲ្យ​អន្សម​ច្អិន​បានល្អ និង មាន​ក្លិន​ឈ្ងុយ​ផងដែរ ។