ការការពារទិន្នន័យផ្ទាល់ខ្លួន (Personal Data Protection) – “Source: Ou Phannarith – អ៊ូ ផាន់ណារិទ្ធ”
នៅក្នុងច្បាប់យើងប្រើពាក្យថា PII (Personal Identifiable Information) សំដៅទៅលើ់ព័ត៌មានទាំងអស់ណាដែលអាចកំណត់អត្តសញ្ញាណរបស់បុគ្គលណាម្នាក់បាន។ ព័ត៌មានទាំងនោះរួមមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ព័ត៌មានហិរញ្ញវត្ថុ ស្នាមក្រយៃដៃ ទិន្នន័យសុខភាព អស័យដ្ឋាន អុីម៉ែល ។ល។ ព័ត៌មានទាំងនេះអាចមានច្រើន ឬតិចជាងនេះអាស្រ័យទៅតាមច្បាប់នៃប្រទេសនីមួយៗដែលបានកំណត់។
យុគ្គសម័យសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់ទិន្នន័យបុគ្គលគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការធ្វើប្រតិបត្តិការសេវាអនឡាញ ហើយពេលខ្លះគឺមិនអាចជៀសផុតឡើយពីការចែករំលែកទិន្នន័យទាំងនោះជាមួយដៃគូពាណិជ្ជកម្ម។ ក្នុងករណីដែលការយន្តការនៃការចែករំលែកនោះមិនត្រូវបានការពារឱ្យបានត្រឹមត្រូវ ហើយត្រូវបានគេលួចបាន (compromised) ឬជ្រាបចេញ (leaked) ដោយប្រការនាមួយនោះ តើអ្នកណាដែលត្រូវទទួលខុសត្រូវលើកិច្ចការនេះ? ហើយផលវិបាកដែលអាចកើតមានឡើងចំពោះបុគ្គលម្នាក់ៗ ដោយសារទិន្នន័យទាំងនោះ ត្រូវគ្រប់គ្រងយ៉ាងដូចម្តេច? ចុះបើក្នុងករណីទិន្នន័យបុគ្គល (ប្រជាពលរដ្ឋខ្មែរ) ត្រូវធ្វើការចែករំលែកឆ្លងប្រទេស តើយើងត្រូវមានគោលការណ៍យ៉ាងដូចម្តេច? ហើយតាមរយៈយន្តការអ្វី?
នៅក្នុងតំបន់អាស៊ានយើងបានដាក់ចេញនូវ ASEAN Framework on Personal Data Protection ដែលមាននូវគោលដៅ “ពង្រឹងការពារទិន្នន័យផ្ទាល់ខ្លួនក្នុងតំបន់អា៊សាន ដោយរួមមានការជម្រុញ និងភាពរីកលូតលាស់នៃពាណិជ្ជកម្មក្នុងតំបន់/សកលលោក និងការចរាចរព័តមាន” តាមរយៈគោលការណ៍ធំៗចំនួន ៧៖
1. Consent, notification, and purpose
2. Accuracy
3. Security Safeguards
4. Access and Correction
5. Cross-border transfers
6. Retention
7. Accountability
កម្ពុជាយើងមិនខុសពីប្រទេសក្នុងតំបន់នោះឡើយ។ យន្តការនៃការការពារទិន្នន័យផ្ទាល់ខ្លួននឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការគ្រប់គ្រងលំហូរនៃការចរាចរទិន្នន័យផ្ទាល់ខ្លួននៅក្នុងសេវាអនឡាញប្រកបដោយប្រសិទ្ធិភាព និងស័ក្តសិទ្ធភាព ក្នុងគោលបំណងកសាងទំនុកចិត្ត និងភាពជឿជាក់នៃការប្រើប្រាស់ ដែលនឹងអាចជាចលករមួយជួយជម្រុញឱ្យមានការប្រើប្រាស់សេវាអនឡាញាកាន់តែច្រើន។
តើអ្នកផ្តល់សេវាអនឡាញនៅកម្ពុជាមានបានចាប់ផ្តើមតិតគូរពីការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលចុះឈ្មោះ ប្រើប្រាស់សេវារបស់ខ្លួនហើយឬនៅ? ៕


