របៀបរក្សាសុវត្ថិភាពកូនរបស់អ្នកនៅតាមអនឡាញ
វិធី ៥យ៉ាង ដើម្បីជួយឱ្យបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់កូនអ្នកមានភាពវិជ្ជមាន និងសុវត្ថិភាព។
នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។
ប្រព័ន្ធអនឡាញមានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារ ការធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែវាមិនតែងតែជាបទពិសោធន៍វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។
នេះគឺជាវិធី ដែលអ្នកអាចជួយកូនរបស់អ្នកក្នុងការពង្រីករឿងរាវល្អៗ ដែលប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលផ្ដល់ឱ្យ ស្របពេលដែលការពារពួកគេពីគ្រោះថ្នាក់ដែលអាចកើតមានឡើង។
១. ការកំណត់វិន័យឲ្យបានច្បាស់លាស់
និយាយដោយស្មោះត្រង់ជាមួយកូនៗរបស់អ្នកអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា និងបុគ្គលដែលអាចមើលឃើញអ្វីដែលពួកគេបង្ហោះនៅតាមអនឡាញ។
ពន្យល់ថា អ្វីៗដែលពួកគេដាក់ចូលក្នុងប្រព័ន្ធអនឡាញ ដូចជា រូបភាព វីដេអូ មតិយោបល់ រឿងរាវ ដែលពួកគេចែករំលែកជាមួយអ្នកផ្សេងទៀត និងអ្វីដែលអ្នកផ្សេងទៀតបង្ហោះ និងចែករំលែកជាមួយពួកគេ និងអំពីពួកគេ បន្សល់ទុកដានព័ត៌មានអំពីពួកគេ។ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេបន្សល់ទុក “ដានឌីជីថល” វិជ្ជមាន ពួកគេគប្បីយកចិត្តទុកដាក់ចំពោះអ្វី ដែលពួកគេធ្វើ និងនិយាយនៅតាមអនឡាញ។
សូមធ្វើឱ្យប្រាកដថា ពួកគេយល់ថា ទំនាក់ទំនងបែបរើសអើង ឬមិនសមរម្យ គឺមិនអាចទទួលយកបានឡើយ។ គ្មាននរណាម្នាក់គប្បីផ្សព្វផ្សាយពាក្យចចាមអារាមបន្ត ឬចែករំលែកសាច់រឿង ឬរូបថតប្រកបដោយការឈឺចាប់ ឬភាពអាម៉ាសឡើយ។ អ្វីដែលហាក់ដូចជារឿងកំប្លែងដែលមិនបង្កការឈឺចាប់ចំពោះនរណាម្នាក់ អាចបង្កការឈឺចាប់ខ្លាំងចំពោះអ្នកដទៃទៀត។
ប្រសិនបើកូនរបស់អ្នកជូបប្រទះនឹងអ្វីមួយតាមអនឡាញ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្ត មិនសុខស្រួល ឬខ្លាច សូមលើកទឹកចិត្តពួកគេឱ្យប្រាប់អ្នក ឬមនុស្សធំដែលពួកគេទុកចិត្តភ្លាម។
កុមាររមែងតែង “ស្គាល់” ជនល្មើសបៀតបៀន ឬរំលោភបំពានតាមអនឡាញ ហេតុនេះ ចាំបាច់ត្រូវជួយពួកគេឱ្យមានភាពប្រុងប្រយ័ត្ន និងដឹងអំពីរបៀបឆ្លើយតបចំពោះអាកប្បកិរិយាជាបញ្ហាណាមួយ ដែលពួកគេជួបប្រទះនៅតាមអនឡាញ។
ធ្វើការងារជាមួយកូនរបស់អ្នក ដើម្បីកំណត់វិន័យថា តើត្រូវប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកដោយរបៀបណា នៅពេលណា និងនៅកន្លែងណា។
សូមគិតមុនពេលអ្នកបង្ហោះ
សូមគិតម្តងហើយម្តងទៀត មុនពេលអ្នកបង្ហោះអ្វីមួយតាមអនឡាញ ជាពិសេស ប្រសិនបើអ្នកកំពុងពិបាកចិត្ត ឬខឹង។ នៅពេលអ្នកចែករំលែកសារ រូបថត ឬវីដេអូ វាគឺជាការពិបាកក្នុងការគ្រប់គ្រងទៅលើអ្វីដែលកើតឡើងចំពោះសារ រូបថត ឬវីដេអូនោះ ។ ការលុបសារ រូបថត ឬវីដេអូនោះស្ទើរតែមិនអាចធ្វើបានឡើយ។
សូមចងចាំថា អ្នកមានសិទ្ធិទទួលបានឯកជនភាព ហើយអ្នកផ្សេងទៀតក៏ទទួលបានសិទ្ធិនេះដែរ។ ការចូលក្នុងគណនីរបស់មនុស្សផ្សេងទៀត ការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយគ្មានការអនុញ្ញាត ឬការចែករំលែកព័ត៌មាន ឬរូបថតរបស់ពួកគេ គឺមិនអាចទទួលយកបានឡើយ។
២. ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារពួកគេ
ពិនិត្យមើលឧបករណ៍របស់កូនរបស់អ្នក ដើម្បីធ្វើឲ្យប្រាកដថាឧបករណ៍នោះបានធ្វើបច្ចុប្បន្នភាព (អាប់ដេត) និងកំពុងដំណើរការដោយសូហ្វវែរចុងក្រោយគេ ហើយការកំណត់ឯកជនភាពរបស់ពួកគេបានបើក និងត្រូវបានកំណត់លក្ខណៈដែលកាត់បន្ថយការប្រមូលទិន្នន័យ ដើម្បីកុំឱ្យជនទាំងឡាយមើលឃើញព័ត៌មានណាមួយ ដែលអ្នកមិនចង់ឱ្យជនទាំងនោះមើលឃើញ។
សូមជួយកូនរបស់អ្នករៀនអំពីការរក្សាឯកជនភាពចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើការកំណត់ឯកជនភាពរបស់អ្នកមិនមានសុវត្ថិភាព ជនណាម្នាក់អាចមើលឃើញព័ត៌មានរបស់អ្នក។
សូមបិទបាំងវេបខេម (webcam) នៅពេលអ្នកមិនប្រើប្រាស់។ សម្រាប់កុមារតូចៗ ឧបករណ៍នានា ដូចជា ការគ្រប់គ្រងរបស់ឪពុកម្ដាយ (parent control) រួមមានការស្វែងរកដោយសុវត្ថិភាព អាចជួយធ្វើឱ្យបទពិសោធន៍តាមប្រព័ន្ធអនឡាញមានភាពវិជ្ជមាន។
សូមប្រុងប្រយ័ត្នចំពោះមាតិកាឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ រួមទាំងមាតិកាទាក់ទងនឹងការអប់រំ។ ប្រសិនបើកូនរបស់អ្នកទទួលបានការស្នើឱ្យផ្ដល់រូបថត ឬឈ្មោះពេញរបស់ពួកគេ សូមប្រាកដថា ការស្នើនោះកើតឡើងពីគេហ៍ទំព័រដែលអាចទុកចិត្តបាន។
សូមគិតមុនពេលអ្នកចែករំលែក
អ្នកអាចផ្លាស់ប្ដូរការកំណត់ឯកជនភាពនៅលើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក ដើម្បីជួយអ្នកគ្រប់គ្រង ថាតើនរណាខ្លះអាចមើលឃើញព័ត៌មានរបស់អ្នក រួមទាំងទីតាំងរបស់អ្នក។
សូមគិតដោយប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកចែករំលែកជាមួយបុគ្គលទាំងឡាយ។ សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជា អាសយដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានលម្អិតនៃធនាគាររបស់អ្នក។ និងសូមកុំចែករំលែកលេខកូដសម្ងាត់របស់អ្នកជាមួយនរណាម្នាក់ សូម្បីតែមិត្តភក្ដិជិតស្និទ្ធក្ដី!
៣. ចំណាយពេលជាមួយពួកគេតាមអនឡាញ
សូមបង្កើតឱកាសនានា ដើម្បីឱ្យកូនរបស់អ្នកមានសុវត្ថិភាព និងទំនាក់ទំនងបែបវិជ្ជមានតាមអនឡាញជាមួយមិត្តភក្ដិ គ្រួសារ និងអ្នក។ ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតអាចជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើជាគំរូក្នុងការបង្ហាញអំពីល្អ និងការយល់ចិត្តនៅក្នុងទំនាក់ទំនងតាមអនឡាញ។
សូមជួយកូនរបស់អ្នកឱ្យស្គាល់ និងជៀសវាងព័ត៌មានមិនពិត និងក្លែងក្លាយ មាតិកាមិនសមរម្យទៅតាមអាយុ និងមាតិកាដែលអាចបង្កភាពថប់បារម្ភ ឬគ្រោះថ្នាក់ផ្សេងទៀត។ សូមណែនាំបង្ហាញពួកគេអំពីប្រភពព័ត៌មានដែលគួរឱ្យទុកចិត្ត។
កុមារអាចមើលឃើញការផ្សាយពាណិជ្ជកម្ម ដែលអាចផ្សព្វផ្សាយអំពីអាហារដែលគ្មានសុខភាពល្អ ការសន្និដ្ឋានជាទូទៅអំពីយេនឌ័រ ឬមាតិកាមិនសមរម្យទៅតាមអាយុ។ សូមជួយពួកគេឱ្យស្គាល់អំពីការផ្សាយពាណិជ្ជកម្មតាមអនឡាញ និងប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងយល់រួមគ្នាថាតើមានអ្វីមិនប្រក្រតីជាមួយនឹងសារអវិជ្ជមានមួយចំនួន ដែលអ្នកឃើញ។
សូមចំណាយពេលជាមួយកូនរបស់អ្នក ដើម្បីកំណត់កម្មវិធី ហ្គេម និងកម្មវិធីកំសាន្តអនឡាញផ្សេងទៀតដែលសមស្របទៅតាមអាយុ។ សូមប្រុងប្រយ័ត្នចំពោះកម្មវិធីនានា ដែលអាចមានមាតិកាប្រកបដោយគ្រោះថ្នាក់ ឬបង្កហានិភ័យចំពោះឯកជនភាព។
៤. ធ្វើជាគំរូ និងបង្ហាញទម្លាប់ល្អតាមអនឡាញ
លើកកម្ពស់អាកប្បកិរិយាវិជ្ជមានតាមអនឡាញ តាមរយៈការអនុវត្តអាកប្បកិរិយាបែបនេះដោយខ្លួនអ្នកផ្ទាល់។ សូមយកចិត្តទុកដាក់ចំពោះទង្វើដែលអ្នកធ្វើ និងអ្វីដែលអ្នកចែករំលែកអំពីកូនរបស់អ្នកតាមអនឡាញ រួមទាំងរូបថត និងវីដេអូរបស់ពួកគេ។
សូមលើកទឹកចិត្តកូនរបស់អ្នកឱ្យមានចិត្តល្អតាមអនឡាញ និងគាំទ្រមិត្តភក្តិ និងគ្រួសារ តាមរយៈការបញ្ជូនសារ ឬរូបអ៊ីម៉ូជី (emoji) បែបវិជ្ជមាន។
ប្រសិនបើពួកគេរៀនតាមអនឡាញ សូមលើកទឹកចិត្តពួកគេឲ្យមានការគោរពចំពោះអ្នកដទៃ និងយកចិត្តទុកដាក់ចំពោះអ្វី ដែលគេអាចមើលឃើញនៅលើកាំមេរ៉ា ដើម្បីរក្សាឯកជនភាព។
សូមប្រុងប្រយ័ត្ន ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ក្រៀមក្រំ ឬមានអាថ៍កំបាំងជាមួយនឹងសកម្មភាពអនឡាញ។ សូមនិយាយជាមួយពួកគេថា ការជួបប្រទះនឹងការរំលោភបំពាន ឬការបៀតបៀនមិនមែនជាកំហុសរបស់ពួកគេឡើយ ហើយពួកគេមិនគួរទុកវាជាការអាថ៍កំបាំងឡើយ។
សូមយល់ច្បាស់អំពីគោលការណ៍ពាក់ព័ន្ធនឹងការរៀនសូត្រតាមប្រព័ន្ធឌីជីថលរបស់សាលារៀនពួកគេ។ សូមស្វែងរកបណ្ដាញទូរស័ព្ទជំនួយ និងធនធានក្នុងមូលដ្ឋាន ដើម្បីដឹងអំពីរបៀបទាក់ទងនឹងការរក្សាសុវត្ថិភាពកូននៅតាមអនឡាញ និងរបៀបរាយការណ៍អំពីការគំរាមកំហែង ឬមាតិកាមិនសមរម្យ។
សូមគិតមុនពេលអ្នកទទួលសំណើរ Friend request
មុនពេលអ្នកទទួលសំណើរធ្វើជាមិត្ត អ្នកគប្បីបានពិនិត្យមើល profile របស់ពួកគេ និងព្យាយាមរកមើលថាតើពួកគេ គឺជានរណា។ តើអ្នកមានមិត្តភក្ដិរួមគ្នាដែរឬទេ? តើពួកគេមកពីទីក្រុងជាមួយនឹងអ្នកដែរឬទេ?
សូមកុំមានអារម្មណ៍ទទួលរងសម្ពាធឱ្យទទួលសំណើរធ្វើជាមិត្ត ។ នៅពេលខ្លះ មនុស្សធ្វើពើជានរណាម្នាក់ ដែលពួកគេមិនមែនជាអ្នកនោះ ហើយការដឹងថា ពួកគេនិយាយការពិត ដែរឬទេ គឺជាការពិបាក។
៥. អនុញ្ញាតឱ្យពួកគេលេងសប្បាយ និងបង្ហាញអំពីខ្លួនឯង
ការចំណាយពេលនៅតាមអនឡាញអាចជាឱកាសដ៏អស្ចារ្យ ដើម្បីឱ្យកូនៗរបស់អ្នកមានភាព ច្នៃប្រឌិត រៀនសូត្រ ប្រើប្រាស់សម្លេងរបស់ពួកគេ ដើម្បីចែករំលែកទស្សនៈ និងគាំទ្របុព្វហេតុដែលសំខាន់ចំពោះពួកគេ។
សូមលើកទឹកចិត្តកូនរបស់អ្នកឱ្យប្រើប្រាស់ធនធាននៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីជួយពួកគេក្រោកឡើង និងធ្វើចលនា ដូចជា វីដេអូលំហាត់ប្រាណតាមអនឡាញសម្រាប់កុមារ និងហ្គេមវីដេអូ ដែលត្រូវការចលនារាងកាយ។
សូមចងចាំក្នុងការធ្វើឱ្យមានតុល្យភាពគ្នារវាងសកម្មភាពអនឡាញជាមួយនឹងបែបបទរស់នៅបែបសកម្ម និងការកម្សាន្តអហ្វឡាញ ដើម្បីមានតុល្យភាពប្រកបដោយសុខភាពល្អនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។
ប្រភព៖ unicef