បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាប បទល្មើសនេសាទនៅឃុំត្រើយស្លា កូនត្រីចម្រុះជាង៧៥០គីឡូត្រូវប្រលែងចូលបឹងវិញ

កណ្តាល៖  លោក  ប៉ាវ  ប៉េង  មេឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៤  ខែតុលា  ឆ្នាំ២០២៣   ដោយទទួលបានប្រសាសន៍ដឹកនាំរបស់លោក  ជឺ  គីមហៃ  អភិបាល នៃគណៈអភិបាលស្រុកស្អាង បានដឹកនាំ ជំទប់ទី១  ជំទប់ទី២  ក្រុមប្រឹក្សាឃុំ  កម្លាំងនគរបាលរដ្ឋបាលឃុំ ត្រើយស្លា មេភូមិ  ប្រជាការពារ  ប្រជាពលរដ្ឋ   សហការ  ជាមួយកម្លាំងជំនាញជលផលស្រុកស្អាង  ដឹកនាំដោយលោក  ស៊ុន  ផល្លី  នាយសង្កាត់ជលផលស្រុកស្អាង  បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់  លើកទី៦ មានចំនួន  ៥ទីតាំង  រួមមាន៖

១-នៅចំណុចអាងអាត្លោត  ស្ថិតក្នុងភូមិព្រែក

២-នៅចំណុចអាងយុវជន  ស្ថិតក្នុងភូមិព្រែកតាឯក

៣-នៅចំណុចប្រឡាយតាខែម  ស្ថិតក្នុងភូមិព្រែក

៤-ចំណុចចុងព្រែកប៉ាន  ស្ថិតក្នុងភូមិព្រែកប៉ាន

៥-ចំណុចចុងព្រែកបាឡាត់ឆឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង

សម្ភារៈដែលបង្រ្កាបបាន និងបំផ្លាញចោលរួមមាន៖ លូស្បៃសៃយ៉ឺន ចំនួន  ៤៥  មាត់លូ ព្រួលស្បៃប្រវែង ៤ ២០០ម៉ែត្រ បង្គោលឫស្សីចំនួន  ៧៥០ដើម  លែងត្រីចំរុះចំនួន  ៧៥០គីឡូក្រាម (ចូលក្នុងបឹងធម្មជាតិវិញ)  សម្ភារៈដែល បង្ក្រាបបានទាំងអស់ត្រូវបានកាប់  ដុតបំផ្លាញចោល កម្លាំងចូលរួមសរុបចំនួន៣៥ នាក់ស្រី០នាក់  ទូកចំនួន១១ គ្រឿង ផងដែរ៕