សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងអប់រំ រៀបចំកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមដើម្បីកាត់បន្ថយ ពេលទំនេររបស់សិស្ស

ភ្នំពេញ៖  សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡាសិក្សាអំពីការរៀបចំកម្មវិធីសិក្សាបន្ថែមសម្រាប់សិស្សដើម្បីកាត់បន្ថយ ពេលវេលាទំនេររបស់សិស្ស និងអាចបន្ថែមប្រាក់ចំណូលបន្ថែមសម្រាប់លោកគ្រូ-អ្នកគ្រូ ដែលបង្រៀនមុខវិជ្ជាមិនអាចបើកបង្រៀនគួបាន។

សារណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីភាព  ប្រារព្ធ​ទិវាគ្រូបង្រៀនលើកទី២៦ទិវាគ្រូបង្រៀន ៥ តុលា។

ក្នុងនោះសម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យរៀបចំកម្មវិធីបន្ថែមពាក់ព័ន្ធនឹងការអប់រំ សីលធម៌ ការចូលរួម សកម្មភាពសង្គមផ្សេងៗនៅក្នុងសង្គមសម្រាប់សិស្សផងដែរ។ ទិវា​គ្រូបង្រៀនត្រូវបានប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី៥ ខែតុលា ដើម្បីរំលឹកពីគុណ បំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់​ព្យា​យាម​ក្នុងការបំពេញ ភារកិច្ចជាអ្នក បណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ។  តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បី​មាន​​ចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយ​គ្នាប្រកប​ដោយ​​សុខដុម។

ទិវាគ្រូបង្រៀន ៥ តុលា នៅឆ្នាំនេះប្រព្រឹត្តិទៅក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់​សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដោយមើលឃើញថា គ្រូបង្រៀនមាន តួនាទីយ៉ាងសំខាន់​មិនអាច​ខ្វះបាន​ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និង កីឡា ៕