ស្លាប់ជាមួយមន្ទិលសង្ស័យពីក្រុមគ្រួសារ បុគ្គលិកធនាគារម្នាក់
ភ្នំពេញ៖ ស្នាក់នៅផ្ទះជួលលេខB56 បន្ទប់ជាន់ទី២ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក អ៊ីម វណ្ឌា ជាបុគ្គលិកធនាគារABA បើតាមរាយការណ៍ កំណត់ហេតុ របស់សមត្ថកិច្ច ថា បានស្លាប់ដោយចងធ្វើអត្តឃាតនៅក្នុងបន្ទប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក៏ប៉ុន្តែអ្វីដែលក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ស្ថិតក្នុងភាពមន្ទិលសង្ស័យ ត្រង់ថាលើខ្លួនប្រាណសព មានស្លាកស្នាម និងបែកប្លោកនោម ហើយក្រុមគ្រួសារក៏បានប្តឹងជំទាស់ផងដែរ និងទទូចស្នើសុំឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ត ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសព តែសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារស្នើសុំយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។
ជនរងគ្រោះ ឈ្មោះ អ៊ីម វណ្ឌា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាបុគ្គលិកធនាគារABA ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ នេះបើយោងតាមក្រុមគ្រួសារ បានឱ្យដឹង។
បើតាមស្ត្រីឈ្មោះ អ៊ីម ផល្លា អាយុ៥១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ត្រូវជាបងស្រីបង្កើតរបស់សពជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ទី០២ ខែតុលា ឆ្នាំ២០២៣ មានបុរសឈ្មោះ សុំ ចាន់ធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ជាអ្នកស្នាក់នៅផ្ទះជួលជាមួយគ្នា ប្អូនប្រុសរបស់គាត់ (កន្លែងកើតហេតុ) តែនៅបន្ទប់ជាន់ទី៣ បានទូរស័ព្ទប្រាប់គាត់ថា ប្អូនប្រុសបានចងកស្លាប់ក្នុងបន្ទប់ ។
ប្រភពបន្តទៀតថា គ្រាន់តែទទួលដំណឹងភ្លាម រួមជាមួយប្តីឈ្មោះ អែម វុធ អាយុ៥៦ឆ្នាំ មុខរបរកសិករ ប្រញាប់ប្រញាល់ទៅដល់ផ្ទះជួលរបស់ប្អូនប្រុស ហើយត្រូវបានសមត្ថកិច្ច ពិនិត្យ ធ្វើកំណត់ហេតុ ប្រគល់សព ដោយប្រាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាត ផ្អែកទៅលើបន្ទប់ជាប់គន្លឹះ ក៏ប៉ុន្តែ លទ្ធផលការធ្វើកោសល្យវិច័យ ធ្វើឱ្យក្រុមគ្រួសារនៃសព មិនអាចទទួលយកបានទេ ដោយយោងទៅលើ ខ្លួនប្រាណសពមានស្លាកស្នាម បែកប្លោកនោម ការស្លាប់របស់ជនរងគ្រោះហាក់ដូចជាខុសប្រក្រតី ។
ជាមួយភាពមិនអស់ចិត្ត មន្ទិលសង្ស័យ នៃការស្លាប់របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ សាកសួរបឋមនៅកន្លែងកើតហេតុ ត្រូវបានបុរសឈ្មោះ សុំ ចាន់ធារ៉ា ជាអ្នកស្នាក់នៅផ្ទះជួលជាមួយគ្នា គ្រាន់តែបន្ទប់ផ្សេងគ្នា បានបំភ្លឺ និងសារភាពថា រូបគេនិងជនរងគ្រោះពិតជាបានឈ្លោះ វាយតប់គ្នា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ពោលមុនកើតហេតុមួយថ្ងៃ តែជុំវិញការស្លាប់របស់ជនរងគ្រោះនោះ ត្រូវបានឈ្មោះ សុំ ចាន់ធារ៉ា ឆ្លើយបដិសេធថា មិនបានដឹងឡើយ ។
ដោយផ្អែកទៅលើខ្លួនប្រាណសាកសពមានស្លាកស្នាម និងបែកប្លោកនោម ទើបក្រុមគ្រួសារមិនយល់ស្របទៅលើកំណត់ហេតុរបស់សមត្ថកិច្ច នូវលទ្ធផលពិនិត្យកោសល្យវិច័យ «ចងកធ្វើអត្តឃាត» ជាក្តីមន្ទិលសង្ស័យ ក៏បានប្តឹងទៅលើឈ្មោះ សុំ ចាន់ធារ៉ា ជាអ្នកបង្ក បណ្តាលឱ្យជនរងគ្រោះស្លាប់ និងស្នើសុំឱ្យស្ថាប័ន សមត្ថកិច្ច ជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ត ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ រីឯសាកសពក្រុមគ្រួសារស្នើសុំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
បើយោងតាមសេចក្តីបំភ្លឺពីសមត្ថកិច្ច ក្រោយពីស្រាវជ្រាវ ស៊ើបសួរ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ឈ្លោះជាជាមួយបុរសឈ្មោះ សុំ ចាន់ធារ៉ា ក្នុងរឿងស្នេហា ភ្លើងប្រចណ្ឌ (ប្រុសស្រឡាញ់ប្រុស) ជនរងគ្រោះដើរតួរជាភេទទី៣ ហើយបានខឹង ដៃគូ មានទំនាក់ទំនងជាមួយ ឈ្មោះ វិត ជាភាគីទី៣ ទើបកើតជាទំនាស់ រហូតដល់ឈ្លោះវាយតប់គ្នា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ។