ស្ត្រីខ្មែរ ៧នាក់រៀបចំដោយមេខ្យល់ ប្តីប្រពន្ធ២នាក់នាំខុសច្បាប់ទៅធ្វើការនៅប្រទេសឡាវ ឥឡូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជាមេខ្យល់រៀបចំនាំនារីខ្មែរ៧ នាក់ ឲ្យទៅបម្រើការងារដោយខុសច្បាប់នៅប្រទេស ឡាវ ត្រូវបានកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ពាក់ពន្ធករណីលក់ដូរមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។
បុរសជាប្តីឈ្មោះ ហង្ស វិចេន ហៅ ចេម អាយុ២១ ឆ្នាំ និងប្រពន្ធឈ្មោះ ឌុច ទូច ភេទស្រីអាយុ៣០ ឆ្នាំ ជាជនសង្ស័យ។
មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើនេះ ជាមេខ្យល់អ្នករៀបចំនាំយកមនុស្សចេញទៅ ឡាវ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចទៅបាងកក និងឆ្លងកាត់ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានចូលទៅប្រទេសឡាវ ។ រីឯថៅកែដែលរង់ចាំទទួលនៅប្រទេសឡាវ ក្នុងតំបន់ត្រីកោណនោះគឺជាជនជាតិ ចិន ។ មន្ត្រីនគរបាលបន្តថា ជនសង្ស័យ ២នាក់ ប្តី-ប្រពន្ធ ជាប់ពាក់ពន្ធករណីលក់ដូរមនុស្សសម្រាប់ឆ្លងដែន។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានតាមបណ្តាញសង្គម ដោយមាននារីខ្មែរ ៧នាក់ នៅធ្វើការងារក្នុងប្រទេសឡាវ បានដង្ហើយរកសមត្តកិច្ចឲ្យជួយសង្គ្រោះពីករណីជួញដូរមនុស្សឆ្លងដែន នៅក្នុងប្រទេសឡាវ ។ ក្រោយពីទទួលបានព័ត៌មាននោះ កម្លាំងជំនាញបានធ្វើការស៊ើប អង្កេត និងស្រាវជ្រាវ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី លោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការ ជាមួយស្ថាន ទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្រ្គោះជនរងគ្រោះបាន៦ នាក់ (អនីតិជន៤នាក់) និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២ នាក់ (ប្តីប្រពន្ធ) នៅខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ពេលនេះកំពុងស្ថិតនៅប្រទេសឡាវ នៅឡើយទេ ដោយអគ្គកុងស៊ុលនឹងសម្របសម្រួលត្រៀមបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ក៏បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន៧ នាក់ ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុក ស្វែងរកការជួយ សង្គ្រោះពួកគេ ។ ស្ត្រីទាំង៧ នាក់នេះត្រូវបានជនខិលខូចបោក ប្រាស់ឲ្យទៅធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ ចេញពីកន្លែងធ្វើការ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងនិងលក់ពួកគេឲ្យទៅប្រទេសទី៣ ។
ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេស ឡាវ បានសុំការសហការភ្លាមៗ ពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង៧ រូបនោះ ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ ឧបនាយករដ្ឋ មន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជា ប្រចាំប្រទេស ឡាវ ឱ្យ ផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការ ជាមួយសមត្ថកិច្ច ឡាវ ។ រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣ មាននារីខ្មែរ៦ រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិត នៅកន្លែងមានសុវត្ថិភាព និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាបាល នៃប្រទេសទាំងពីរ ។ ចំណែកស្ថានទូតក៏បាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ច ឡាវ បន្តខិតខំ ប្រឹងប្រែងជួយសង្គ្រោះនារីខ្មែរម្នាក់ទៀតនោះ ។
ការជួយសង្គ្រោះនារីខ្មែរទាំង ៧ រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការ ដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រី នៃស្ថាន ឯកអគ្គរាជទូត កម្ពុជា ប្រចាំនៅប្រទេស ឡាវ និង អាជ្ញាធរពាក់ព័ន្ធ ដែលបាន គិតគូរខ្ពស់អំពីសុវត្ថិភាពទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង មិនថាបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬ ឆ្ងាយ ដល់ទីណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹងគឺមិនព្រងើយ កន្តើយទុកប្រជាពលរដ្ឋចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ ។
នារីរងគ្រោះទាំង៦ រូប ដែលបានសង្គ្រោះ រួចបានបង្ហាញក្តីរំភើប រីករាយជាពន់ពេក បានរួចផុតពីការជួញដូរ ជាពិសេសទទួល បានកិច្ចអន្តរាគមន៍យ៉ាងរហ័ស ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង អាជ្ញាធរកម្ពុជា ។ ពួកគេបានគោរព និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ា ណែត ក៏ដូចជាអាជ្ញាធររបស់កម្ពុជាក្នុងនោះ រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូត កម្ពុជា ប្រចាំនៅប្រទេស ឡាវ ដែលបាន ខ្នះខ្នែងជួយ សង្គ្រោះពួកគេ ឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានឡប់មកកាន់ ប្រទេសកំណើតវិញ ៕