ដោយសារទឹកជំនន់ ច្រកអន្តរជាតិដូង បិទទ្វារផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្ន
បាត់ដំបង៖ ក្នុងខេត្តបាត់ដំបងជាមួយនឹងស្រុកពោងណាំរ៉នក្នុងខេត្តច័ន្ទបុរី ច្រកអន្តរជាតិដូងគឺជាច្រកមួយដែលផ្សារភ្ជាប់រវាងស្រុកកំរៀង ហើយក៏ជាច្រកដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរទំនិញគ្រប់ប្រភេទរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃផងដែរ។
ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នាទាំងនៅទឹកដីកម្ពុជាក៏ដូចជានៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃ បានធ្វើឲ្យទឹកជំនន់ជន់ឡើងយ៉ាងលឿនបំផុត នៅក្នុងអូរព្រំដែនព្រមទាំងបានបែកសាចទៅតាមអូរនានាមួយចំនួនបង្កឲ្យលិចលំនៅឋានតាមភូមិមួយចំនួនដែលស្ថិតនៅជាប់ និងមាត់អូរ នេះបើយោងតាមសេចក្តីរាយការណ៍បានបញ្ជាក់។
កាលពីវេលាម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះ ទឹកអូរព្រំដែនបានជន់ឡើងយ៉ាងខ្លាំង ធ្វើឲ្យលិចទៅលើផ្លូវនៃច្រកទ្វារអន្តរជាតិដូងដែលតម្រូវឲ្យភាគីកម្ពុជានិងភាគីថៃរួមគ្នាបិទរបងទ្វារ ដោយមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ទៅលើយានយន្តគ្រប់ប្រភេទដោយសារតែកម្ពស់ទឹកនៅលើផ្លូវនៃច្រកចូលទៅប្រទេសថៃមានកម្ពស់ខ្ពស់ ដែលអាចបង្កឲ្យយានយន្តគ្រប់ប្រភេទជួប និងគ្រោះថ្នាក់បាន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋថ្មើរជើងអាចចេញចូលបានតាមរយៈស្ពានដែលនៅផុតពីទឹក នេះបើតាមប្រភពដដែលបានបន្ត។
នៅពេលទៀបភ្លឺនេះដែរ ខណៈដែលទឹកជំនន់កំពុងឡើងយ៉ាងគំហុកគេសង្កេតឃើញថា ទាំងលំនៅឋានពលរដ្ឋក៏ដូចជាការិយាល័យសម្រាប់ធ្វើការរបស់មន្ត្រីនានា ដែលស្ថិតនៅក្នុងទីតាំងច្រកអន្តរជាតិក៏ត្រូវបានទឹកលិចគ្មានសេសសល់ឡើយ ហើយរហូតមកទល់នឹងព្រឹកនេះដែរទឹកក៏នៅតែបន្តឡើងឥតស្រាកស្រានដែលតម្រូវឲ្យសមត្ថកិច្ចទាំងពីរប្រទេសសម្រេចបិទច្រក ជាបណ្ដោះ អាសន្នរង់ចាំទឹកស្រកវិញទើបបើកឲ្យធ្វើចរាចរណ៍ឆ្លងកាត់វិញបាន៕