ឱកាសវិនិយោគផ្ទាល់នៅកម្ពុជា ក្រុមហ៊ុនអាមេរិកជាច្រើន គ្រោងនឹងមកសិក្សា
ភ្នំពេញ: ការមកធ្វើការសិក្សា របស់ក្រុមហ៊ុនអាមេរិកជាច្រើន ស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជានាប៉ុន្មានខែខាងមុខ គឺស្របពេលដែលទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ កាន់តែមានភាពល្អប្រសើរ ចាប់តាំងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កាលពីចុងឆ្នាំ ២០២២។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងកម្មវិធីជួបជាមួយក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែតុលា បានលើកឡើងថា ក្រោយពីសម្តេចធិបតី បានជួបជាមួយក្រុមហ៊ុនធំៗចំនួន ៥៨ របស់អាមេរិក ក្នុងនោះមានក្រុមហ៊ុនយក្សមកពីអាមេរិកមួយចំនួនដូចជា ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះ, Pfizer ក្រុមហ៊ុនផលិតថ្នាំ, ក្រុមហ៊ុន Abbott, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Mastercard និងក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនយក្សវិស័យប្រេងកាត និងតាមរយៈវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ព្រមទាំងជំនួបប្រជុំទ្វេភាគីនានា អំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅបុរីញូវយ៉កកាលពីចុងខែកញ្ញាកន្លងមក គឺមានក្រុមហ៊ុនជាច្រើនបានបង្ហាញការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
សម្តេចធិបតី លើកឡើងថា៖ «ខ្ញុំក៏បានចូលរួមកម្មវិធីវិស័យឯកជន ក្នុងការផ្គូផ្គងរវាងក្រុមហ៊ុនក្នុងស្រុកយើងដែលមានជាង ៣០ ជួបជាមួយក្រុមហ៊ុនអាមេរិក ដើម្បីផ្លាស់ប្តូរព័ត៌មាន និងមានទំនាក់ទំនងរកស៊ីជាមួយគ្នា។ ប្រហែលជាប៉ុន្មានខែខាងមុខ ក្រុមហ៊ុនអាមេរិកជាច្រើននឹងមកកាន់កម្ពុជាយើង ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគ»។
លោក គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២២ ខែកញ្ញាថា គោលបំណងសំខាន់នៃវេទិកាធុរកិច្ច គឺដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកនិយាយថា៖ «អាមេរិក គឺជាទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជា និងជាប្រភពការវិនិយោគបរទេសមួយដ៏សំខាន់ដោយប្រកាន់យកយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងចក្ខុវិស័យកម្ពុជា ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ មានឱកាសច្រើនសម្រាប់វិនិយោគិន»។
បើយោងតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជាផងដែរនោះ គឺអាមេរិក-កម្ពុជាមានប្រវត្តិមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងគឺតាំងពីឆ្នាំ ១៩៥០ ខណៈទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៣,៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ អាមេរិកនៅតែបន្តជាទីផ្សារនាំចេញដ៏ ធំបំផុតរបស់កម្ពុជា ជាពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។
សម្តេចធិបតីបានបន្ថែមថា ទាក់ទងនឹងទំនាក់ទំនងវិនិយោគគឺការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអាមេរិកនៅប្រទេសកម្ពុជា មានចំនួនតិចតួចនៅឡើយ បើទោះបីអាមេរិក ជាវិនិយោគិនអន្តរជាតិធំជាងគេលើពិភពលោកក៏ដោយ។
ភាគហ៊ុន FDI របស់កម្ពុជាពីអាមេរិកបានកើនឡើងពី ២២៥ លានដុល្លារនាឆ្នាំ ២០១០ ដល់ ៨៩៣ លានដុល្លារក្នុងឆ្នាំ ២០២២។ ថ្មីៗនេះក្រុមហ៊ុនចម្រុះជាតិសាសន៍របស់អាមេរិក ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា មានដូចជា ក្រុមហ៊ុន Ford ក្រុមហ៊ុន Coca Cola ក្រុមហ៊ុន Tiffany និងក្រុមហ៊ុន General Electric ដោយសារទំហំទីផ្សារកាន់តែធំរបស់កម្ពុជា និងកំណើនប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។
សម្តេចធិបតីថ្លែងបន្តថា៖ «ជាមួយនឹងគោលបំណងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ»។
សម្តេចធិបតីបន្ថែមថា យុទ្ធសាស្ត្រនេះដាក់ចេញអាទិភាពសំខាន់ៗចំនួន ៥ គឺ ប្រជាជន ផ្លូវថ្នល់ ទឹក អគ្គិសនី និងបច្ចេកវិទ្យា ដោយផ្តោតខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបដិវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕