ដោយសារជំនន់ទឹកភ្លៀងជន់លិច មន្ទីរពេទ្យស្រុកស្វាយចេក ជម្លៀសអ្នកជំងឺចេញ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រលប់ថ្ងៃទី៣ ខែតុលា កន្លងទៅនេះ បានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។
ការចុះពិនិត្យ និងដោះស្រាយភ្លាមៗនោះ ឯកឧត្តមក៍បានសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរដងស្ទឹង និងកន្លែងមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ។
សូមបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់បានធ្វើឲ្យតំបន់ខ្លះ ត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូ ដែលស្ទះដូចជានៅក្រុងប៉ោប៉ែត និងនៅតាមដងស្ទឹង ។ ជាក់ស្តែងថ្មីៗនេះមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដែលនៅជិតស្ទឹងត្រូវបានទឹកជំនន់ជនលិច៕