ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ២៧លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ២៧លានដុល្លារ​សហរដ្ឋអាមេរិក។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បន្តថា ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង​ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអាមេរិក ​ដោយមានយានយន្តធ្វើចរាចរណ៍ជាង ​៤លាន ២សែនគ្រឿង។

ឯកឧត្តម បន្ថែមទៀតថា ក្នុងរយៈពេល ៩ខែនេះ ​ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ​ចំនួន​ប្រមាណ ៣ពាន់លើក​ និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ​២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ​៣៣នាក់​ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។

តាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ថា​តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង​តិចជាង​មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ​ដែលមានចរាចរណ៍ម​មាញឹក​ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល​វេលា​ធ្វើដំណើរ។

ក្នុងនាមក្រសួងសាធារណការ ​និងដឹកជញ្ជូន ​ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានក្រើនរំលឹក​ដល់​អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​មិនថានៅលើផ្លូវថ្នល់ប្រភេទណានោះទេ ​ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕