សម្ដេចធិបតី នាយករដ្ឋមន្ត្រី ណែនាំដល់មន្រ្ដីតាមក្រសួងស្ថាប័ន កុំអនុវត្តការងារលើសនីតិវិធីដែលបានកំណត់

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្ដី​នៅ​តាមបណ្ដា​ក្រសួង ស្ថាប័ននានាត្រូវអនុវត្តការងារកុំឱ្យលើសពីនីតិវិធី ដែល​រាជរដ្ឋាភិបាល​បានកំណត់ និងដាក់ចេញឱ្យសោះចំពោះការអនុវត្តការងាររបស់ខ្លួន ​ដើម្បីកុំឱ្យករណីបុគ្គល ១ រូប ២ រូប ធ្វើឱ្យប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ​បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាលជាមួយកម្មករ និយោជិត ​ នៅតាមរោងចក្រ  សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ​ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា កន្លងមកនេះ​ មានមន្រ្ដីមួយចំនួនតូចបានអនុវត្តការងារ ​ពិសេសពាក់ព័ន្ធនឹងការងារយកពន្ធ ឬភាស៊ី​នៅ​តាមទីសារធារណៈ គឺបានអនុវត្តលើសពីនីតិវិធី ដែលរដ្ឋាភិបាលបានដាក់ចេញ ​ដែលករណីនេះ គឺត្រូវលុបបំបាត់មិនត្រូវឱ្យកើតមានឡើយ ​ពីព្រោះបញ្ហានេះបង្កឡើងដោយមន្រ្ដីខិលខូច ១រូប ឬ២រូប ប៉ុន្ដែបានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលនាពេលកន្លងមក​យ៉ាងខ្លាំង។

ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេច ​ទោះពេលខ្លះ មិនបានចេញសារ ​ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ​ ឬតូច ​គឺសម្ដេចបានពិនិត្យ ដោះស្រាយ ​និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់​ក្នុងការ​ដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង ​១២ ទៅ ១ ​នាទីយប់ ក៏សម្ដេចនៅតាមដានព័ត៌មាន​ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋ ៕