សម្ដេចធិបតី ហ៊ុន ម៉ាណែត ការងារសំខាន់ចំនួន៣ តែងតែគិតគូរពេលបង្កើតរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះការងារសំខាន់ៗចំនួន ៣ ដែលសម្ដេចតែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ រួមមាន៖
1-ការគិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយនឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត
2-បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ក្រៅពីការផ្ដល់ថវិកា
3-តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀតដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដើម្បីមានជីវភាពរឹតតែប្រសើរឡើង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមិនមានលុយច្រើនដូចប្រទេសអ្នកមាននោះទេ ប៉ុន្ដែគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកដល់អាណត្តិទី៧នេះ គឺតែងតែគិតគូរដល់ប្រជាពលរដ្ឋជាចំបង និងមិនឱ្យប្រជាជនអត់បាយនោះទេ។
បើតាម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារបានឱ្យដឹងថា ក្រសួងកំពុងពន្លឿនការងារអាទិភាពចំនួន ៤ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងក្នុងការអនុវត្តក្នុងឆ្នាំ ២០២៣នេះ រួមមាន៖
ទី១-ការត្រៀមសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមរោងចក្រ ហើយការងារនេះកំពុងបន្តសិក្សាជាមួយដៃគូពាក់ព័ន្ធ។
ទី២-ការរៀបចំកន្លែងហូបបាយ អាហារដ្ឋាន តាមរោងចក្រសម្រាប់កម្មករនិយោជិត។
ទី៣-ក្រសួងកំពុងសិក្សាជាមួយភាគីពាក់ព័ន្ធលើការៀបចំមធ្យោបាយដឹកជញ្ជូនកម្មករឱ្យមានលក្ខណៈស្ដង់ដា ស្របតាមបច្ចេកទេស
ទី៤-ក្រសួងកំពុងជំរុញកម្មវិធីធ្វើតេស្ដទទួលស្គាល់ជំនាញដល់កម្មករ និងកំពុងកំណត់លក្ខខណ្ឌសម្រាប់កម្មករនិយោជិតចូលធ្វើតេស្ដ៕